ភ្នំពេញ៖   តារាចម្រៀងស្រីស្រស់ ធ្មេញជំពើស ទេព បូព្រឹក្ស កន្លងមកមិនដែលជួបប្រទះ រឿងអាស្រូវ ក្ដៅក្រហាយដល់អ្នកណាទេ មានតែរងការរិះគន់ តិចតួចប៉ុណ្ណោះ ទាក់ទងនឹងក្បាច់ រាំសាហាវ របស់នាង ។ តែមិនបានធ្វើឲ្យ ទេព បូព្រឹក្ស ឈឺចិត្តស្អិតទ្រូងនោះទេ ។ នាងបានកែលម្អក្បាច់រាំ ឲ្យត្រូវតាមចិត្តទស្សនិកជន ហើយកាត់ចោល នៅចំណុច ដែលគេរិះគន់ និងបន្តធ្វើអ្វីដែលថ្មី បន្ថែមទៀត ដែលនេះជាចំណុចខ្លាំងរបស់នាង ។

ម្យ៉ាងវិញទៀត ទេព បូព្រឹក្ស ជាតារាដែលគោរព ម៉ោងពេលនឹង ការងារជានិច្ច មិនដែលយឺតយ៉ាវ ឬខកការងារណាមួយទេ ពិសេសនាង ជាតារាថ្មី មិនចង់ឮពាក្យថា បានល្បីតម្លើងឫកនោះឡើយ។ ទេព បូព្រឹក្ស តែងតែលេចមុខ រាល់កម្មវិធីនានា មិនថាកម្មវិធីតូចធំ ឲ្យតែមានការអញ្ជើញ នាងមិនដែលនិយាយ ពាក្យថា ទេ នោះឡើយ សូម្បីតែកម្មវិធីនោះ មិនបានចំណូលមកវិញក៏ដោយ ។

ថ្មីៗនេះ ទេព បូព្រឹក្ស ត្រូវបានសារពត័មានក្នុងស្រុក មួយចំនួនបានវាយប្រហារថា នាងជាមនុស្សមិន គោរពពេលវេលា រត់ចោលការងារ ដែលបានព្រមព្រាង គ្នារួចរាល់អស់ហើយ ។ ស្រាប់តែដល់ថ្ងៃថត បែរជាបាត់វត្តមាននាង ហើយនាងមិនព្រម លើកទូរស័ព្ទទៀតផង ។ នេះបង្ហាញពីចេតនា គេចវេស របស់ស្រីស្អាត ទេព បូព្រឹក្ស មិនទទួលខុសត្រូវលើការងារ ។ បណ្ដាញសារពត័មាន ទាំងនោះ មិនរង់ចាំឲ្យ ស្រីស្រស់រូបនេះ បានបកស្រាយអ្វីឡើយ ហើយបានវាយសំពងនាង យ៉ាងចាស់ដៃ ធ្វើឲ្យស្រីស្រស់រូបនេះ អាក់អន់ស្រពន់ ចិត្តមិនតិចទេ ព្រោះនាងមិនមែន ជាមនុស្សបែបនេះ។

ជំនួបតាមទូរស័ព្ទជាមួយ LookingTODAY ស្រីស្អាតពូកែរាំរែក ទេព បូព្រឹក្ស បានរៀបប្រាប់ថា នាងមិនចង់បកស្រាយវែងឆ្ងាយទេ ព្រោះរឿងគេបានចេញផ្សាយទៅហើយ តែនាងក៏ដូចជាអន់ចិត្តតិចតួចដែរ ព្រោះពីដំបូង នាងបានខលទៅប្រាប់ អ្នករៀបចំកម្មវិធីរួចរាល់ តាំងពីមុនថ្ងៃ ថតឯណោះថា នាងអាចសុំលើកពេល ទៅសប្តាហ៍ក្រោយ បានទេ ព្រោះលោកយាយជាទី ស្រលាញ់របស់នាង មានជំងឺ ត្រូវមានការថែរទាំ ជាចាំបាច់ ហើយគ្រួសារនាង មានសមាជិកមិនច្រើនទេ ដូចនេះត្រូវផ្លាស់ប្តូរ គ្នាម្នាក់ម្ដងៗ ដើម្បីទៅមើលថែ លោកយាយ ។

ទេព បូព្រឹក្ស បន្តទៀតថា ក្នុងថ្ងៃដែលនាង បានខលទៅអ្នករៀបចំ កម្មវិធីរូបនោះ នាងនិយាយមិនទាន់ បានដាច់ស្រេចផង ស្រាប់តែគាត់ (អ្នករៀបចំកម្មវិធី) និយាយថា គាត់កំពុងតែរវល់ មិនអាចនិយាយបានទេ ហើយក៏ចុចផ្ដាច់បាត់ទៅ ។ ដោយសាររវល់ផង និងត្រូវមើលថែរលោកយាយផង ទើបមិនបានបញ្ជាក់ ឲ្យបានច្បាស់ម្ដងទៀត ណាមួយនាងកំពុង ស្នាក់នៅក្នុងប្រទេស វៀតណាម មិនមានសេវា ហើយនាងបាន ផ្ញើទូរស័ព្ទ នៅពូរបស់នាងទៀតផង ។

ទេព បូព្រឹក្ស បានរៀបរាប់ដោយ សំឡេងស្អកៗ ព្រោះនាងក៏ត្រូវឈឺ ដោយសារតែនឿយហត់ ក្នុងការមើលថែលោកយាយនាងទៀតថា នាងមិនមែនមិនយល់រឿងការងារទេ នាងយល់ណាស់ ព្រោះនាងកំពុង ស្ថិតក្នុងផលិតកម្មធំ ដូចនេះមិន មែនដោយសារនាងម្នាក់ ត្រូវគេថា ផលិតកម្មមិនចេះ មើលកូនចៅនោះទេ ។ នាងអរគុណខ្លាំងណាស់ សម្រាប់ ការអញ្ជើញនេះ ហើយបើមានឱកាស លើកក្រោយ នាងនឹងចូលរួម ព្រោះរាល់ការអញ្ជើញ ជាការផ្ដល់កត្តិយស មួយយ៉ាងធំធេង សម្រាប់រូបនាង ។

ស្រីស្រស់សម្ដីផ្អែម ទេព បូព្រឹក្ស បានបង្ហាញហេតុផល ច្បាស់លាស់ ត្រឹមត្រូវ មិនមែននិយាយ យករួចខ្លួននោះទេ ហើយនាងនឹងត្រូវទៅ ច្រៀងក្នុងកម្មវិធីសង្រ្គាន របស់ហង្សមាស នៅឆ្នេរអូឈើទាល នៅ១៥មេសា នេះហើយ ។ គេសង្កេតឃើញថា រាល់ការតាំងពិព័រណ៍ ផ្សេងៗ តែងមានវត្តមាន នាងជានិច្ច សូម្បីតែក្រុមហ៊ុន ទូរស័ព្ទចល័ត ណូគា ដែលទើបតែនាំចូល ផលិតផលថ្មី ក៏អញ្ជើញ ទេព បូព្រឹក្ស ជាតារាចម្រៀង កិត្តិយសដែរ ព្រោះនាងជាតារា ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យនេះ ម្យ៉ាងទៀត ទេព បូព្រឹក្ស មិនតម្លើងឫក ដូចសិល្បករមួយចំនួន ពេលបានល្បី តម្លើងឫកកប់ពពក ៕

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖​ ដើមអំពិល