តាមមើលទៅ ឧបករណ៍ថ្មីទើបតែលេចមុខ ដែលត្រូវបានគេយល់ថា ជា iPhone 6 វាគ្រាន់តែជាម៉ូដែលស្មាតហ្វូន Android ដែលប្រើប្រាស់អ៊ីនធឺរហ្វេស ស្រដៀងនឹង iOS 7 របស់ Apple តែប៉ុណ្ណោះ។
រូបភាពស្មាតហ្វូនជាច្រើនដែលត្រូវគេអះអាងថា ជា iPhone 6 បានបង្ហាញខ្លួនជាបន្តបន្ទាប់ នៅអំឡុងពេល iPhone 6 របស់ Apple ជិតនឹងត្រូវបានគេឧទ្ទេសនាមជាផ្លូវការ។ បណ្ដារូបភាពទាំងនេះ ឱ្យគេដឹងថា iPhone 6 នឹងត្រូវបានផលិតឡើង ដោយមានអេក្រង់ធំជាងមុន ស្ដើងជាងមុន ហើយជ្រុងរបស់វា ក៏កោងជាងមុន។ ក៏ប៉ុន្ដែ បណ្ដារូបភាព និងព័ត៌មានភាគច្រើនដែលត្រូវបានគេចុះផ្សាយ ទាក់ទិននឹង iPhone 6 អាចជារូបភាពក្លែងក្លាយ ឬស្មាតហ្វូនក្លែងក្លាយ ពោគឺ វាមិនមែនជារូបភាពបែកធ្លាយចេញពីក្រុមហ៊ុន Apple ។
មកដល់ពេលនេះ គេមិនទាន់អាចដឹងបានប្រាកដថា រូបភាពណា គឺជារូបភាពក្លែងក្លាយ ហើយរូបភាពណាខ្លះ គឺជារូបភាពពិត ដែលបែកធ្លាយចេញពី Apple ដូច្នេះ រាល់ទិន្នន័យដែលត្រូវបានគេចាត់ទុកថា ជាព័ត៌មានបែកធ្លាយ សុទ្ធសឹងស្ថិតក្នុងការសង្ស័យ ពីសំណាក់សាធារណជន។
រូបភាពថ្មីបំផុត ដែលគេជឿថា ជា Apple iPhone 6
រូបភាពនេះបង្ហាញថា iPhone ថ្មីនឹងមានអេក្រង់ធំជាងមុន ស្ដើងជាងមុន និងជ្រុងកោងជាងមុន
ប៉ុន្ដែ អេក្រង់របស់វា មើលទៅដូចជាធ្វើអំពីជ័រ ដូច្នេះ ធ្វើឱ្យមានការសង្ស័យថា វាជារូបភាពក្លែងក្លាយ
ថ្វីបើ កាមេរ៉ាក្រោយរបស់ស្មាតហ្វូនដែលគេយល់ថា ជា iPhone 6 នេះ លយចេញបន្តិចធៀបនឹងខ្នងទូរស័ព្ទ ដែលដូចទៅនឹងព័ត៌មានចចាមអារ៉ាមមុន ប៉ុន្ដែមិនមានអំពូលភ្លើង flash ចំនួន ២ នោះទេ
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេ គឺថា រូបសញ្ញានៃកម្មវិធី ប្រើប្រាស់ font អក្សរក្រាស់ និងពណ៌ចាស់ ខុសពី font អក្សររបស់ស្មាតហ្វូន iPhone 6 ដែលមានរូបរាងស្ដើង របស់ Apple
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ tech/instawebgram