អាមេរិក៖ តារាចម្រៀង របស់ផលិតកម្មរស្មីហង្សមាស និងក្រសួងទេសចរណ៍ សុន ស្រីពេជ្រ ជាតារាបែបប្រជាប្រិយ កំពុងពេញនិយម ហើយ កំពុងសប្បាយកើបប្រាក់ នៅទឹកដីសម្បូរដុល្លារ នឹងទទួលបានគាំទ្រយ៉ាងច្រើនក្រាស់ក្រែល ពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីអាមេរិក ធ្វើឲ្យ នាងមានអារម្មណ៍ថា កក់ក្ដៅ មិនសូវនឹកនាដល់ផ្ទះសម្បែងប៉ុន្មានទេ ។ តែយ៉ាងណានាងនៅតែមិនអាចទប់អារម្មណ៍ បាននៅពេលឃ្លាត ឆ្ងាយ ពីផ្ទះសម្បែង ដែលជាគ្រួសារដ៏ធំនឹងមានមនុស្សម្នាអ៊ូរអរ ពេញផ្ទះពិសេសក្មួយៗនាង ដែលរត់លេងពេញផ្ទះបង្កើតជាសំណើចក្អាកក្អាយ  ។

ប្រភពពីបងប្អូនខ្មែរ នៅសហរដ្ឋអាមេរិក បានរៀបរាប់ប្រាប់ LookingTODAY ថា សុន ស្រីពេជ្រ ជាមនុស្សរួសរាយណាស់ តែនាងហាក់ភ្លឹកៗ នឹងគិតអ្វីម្យ៉ាង ពិសេសនាងហាក់ដូចជា នឹកនាដល់ផ្ទះសម្បែងខ្លាំងណាស់ ដូចនេះហើយ បងប្អូនខ្មែរនៅទីនោះតែងនាំនាង ធ្វើអ្វីសប្បាយៗ នាំឲ្យនាងមានស្នាមញញឹមឡើងវិញ តែស្នាមញញឹមនោះនឹងបាត់ទៅវិញ ពេលនាង នៅម្នាក់ឯង ហើយតែងតែលួចយំ ព្រោះនាងបែក ពីផ្ទះយូរពេក ។ ម្យ៉ាង សុន ស្រីពេជ្រ មិនដែលឃ្លាតពីផ្ទះយូរបែបនេះទេ ។

បងប្អូនខ្មែរនៅទីនោះស្រលាញ់អាណិត សុន ស្រីពេជ្រ ណាស់ ព្រោះនាងខុសពីតារាដទៃទៀត ខណៈពួកគេ គ្រាន់តែបានមកជាន់ទឹកដីអាមេរិកក៏ សប្បាយភ្លើតភ្លើនភ្លេចខ្លួន តែនាងពិតជាតារាចម្រៀងខ្មែរល្អម្នាក់គួរឲ្យសរសើរ  ដែលមិនរំភើបនឹងដុំ ប្រាក់នឹងភាព ស៊ីវិល័យនៃសំភារនិយមនោះឡើយ។

តារាចម្រៀងស្រគត់ស្រគំ សុន ស្រីពេជ្រ បានសារស័ព្ទពីសហរដ្ឋអាមេរិកប្រាប់ LookingTODAY  ថា នាងនឹកផ្ទះ រហូតដល់ថ្នាក់គេងយំពិតមែន ព្រោះមិនដែលបែកផ្ទះយូរបែបនេះទេ ។ នាងទទួលស្គាល់ថាបងប្អូនខ្មែរ យើងនៅទីនោះ រួសរាយខ្លាំងណាស់ ហើយពួកគាត់ចិត្តល្អ ចេះស្រលាញ់គ្នាណាស់ ។ នាងនៅតែនឹកផ្ទះ នឹកឪពុកម្ដាយរបស់នាង ដែលធ្លាប់តែឃើញ មុខព្រឹកល្ងាចៗ ប៉ុន្តែពេលនេះនាងមិនបានជួបពួកគាត់ដូចមុនទេ បានត្រឹមជួបតាមទូរស័ព្ទប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណា ការសម្ដែង និងច្រៀងរាំពីសំណាក់តារាខ្មែរ ក៏ដូចជាពីសំណាក់តារាចម្រៀង សុន ស្រីពេជ្រ ត្រូវបានគេដឹងថា នឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ នេះហើយ ពោលគឺក្រោយឱកាសបុណ្យចូលឆ្នាំថ្មីរួចរាល់ ៕

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល