ក្មេងស្រីម្នាក់បានសន្លប់ធំភ្លឹក ព្រោះដាច់សរសៃឈាមខួរ ស្មានមិនដល់ស្រាប់តែដឹងខ្លួនឡើងវិញក្រោយពីម្តាយច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា Rolling in the deep របស់ Adele។ ក្មេងស្រីនេះឈ្មោះថា Charlotte Neve អាយុ 7ឆ្នាំមកពីTrawden, Lancashire, ប្រទេសអង់គ្លេស។ម្តាយរបស់ Charlotte, អ្នកស្រី Leila បានឲ្យដឹងថា កូនស្រីរបស់គាត់បានដាច់សរសៃឈាមខួរក្បាលតាំងពីថ្ងៃទី 13 ខែមេសា ហើយបានសន្លប់ធំរហូតមក។ លទ្ធផលនៃការត្រួតពិនិត្យបានឲ្យដឹងថា ក្មេងស្រី Charlotte នឹងមិនអាចដើរបាន និយាយបាន រឺធ្វើសកម្មភាពធម្មតារាល់ថ្ងៃដូចក្មេងដ៏ទៃទៀតឡើយ បើទោះជាមានការវះកាត់ឃាត់ឈាមកុំឲ្យហូរទៀតដល់ទៅពីរដងក៏ដោយ។

Charlotte អាយុ 7ឆ្នាំ ត្រូវបានដាច់សរសៃខួរក្បាល និងមានស្ថានភាពគ្រោះថ្នាក់ជាទីបំផុត
ចុងក្រោយ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Leed បាននិយាយប្រាប់ដល់ស្ត្រី Leila ឲ្យដឹងពីស្ថានភាពជំងឺដែលមិនអាចសង្គ្រោះបានរបស់ Charlotte និងប្រាប់ឲ្យនាងចូលទៅជិត លាកូនស្រីជាលើកចុងក្រោយ។ ពេលនោះស្ត្រីជាម្តាយបានចូលទៅអោបកូន និងច្រៀងចម្រៀងមួយបទមានចំណងថា Rolling in the deep ដែលជាបទ Charlotte ចូលចិត្ត។រឿងមិនគួរឲ្យជឿមួយបានកើតឡើង ពេលបានលឺម្តាយច្រៀង Charlotte បានញញឹម និងដឹងខ្លួនឡើងវិញ ដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពីរថ្ងៃក្រោយមក ក្មេងស្រីនោះចាប់ផ្តើមនិយាយបានតិចៗឡើងវិញ ហើយពីរខែក្រោយមកទៀត ក្មេងស្រីក៏អាចដើរបាន និយាយបាន និងទៅរៀនបានដូចធម្មតា៕

រូប Charlotte មុនដាច់សរសៃឈាមខួរក្បាល(ខាងឆ្វេង) និង រូប Charlotte ទៅសាលាបានធម្មតាវិញ(ខាងស្តាំ)


ដោយ៖ សិលាប្រភព៖ k14