ភ្នំពេញ៖ តារាចម្រៀងស្រី ល្បីជាងគេក្នុង ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា ដែលមហាជន ទទួលស្គាល់ថា ជាកំពូលតារាចម្រៀងមាន ទេពកោសល្យល្អ ក្នុងការរាំ ច្រៀង រហូតក្លាយជា កំពូលតារាចម្រៀង ៣ ឆ្នាំជាប់គ្នា ដែល នាងអាច រកចំនូលបានរាប់ ម៉ឺនដុល្លារក្នុងមួយខែៗ ខ្ពស់ជាងតារាល្បីៗ ជាច្រើនក្នុងប្រទេសកម្ពុជា។ នាងក៏ជាតារា ចម្រៀងមានប្រជាប្រិយភាពបំផុតក្នុងពិភពផ្សព្វផ្សាយ ពាណិជ្ជកម្ម រហូតដើរទៅ កន្លែងណាក៏មាន រូបនាងដែរ សូម្បី តែជនបទដាច់ ស្រយាលយ៉ាងណាក៏ដោយ ក៏ មានរូបភាពផ្សេង ទាក់ទង នឹងពាណិជ្ជកម្ម ដែល ឱក សុគន្ធកញ្ញា បានធ្វើការផ្សព្វផ្សាយកន្លងមកដែរ ។
ដោយសារប្រជាប្រិយភាពក្នុងវិស័យចម្រៀង ក៏ដូចជារូបសម្បតិ្តស្រស់សោភា នឹងជីវិតឯកជន របស់នាងពោរពេញ ទៅដោយរឿងល្អៗ ហើយមិនញាំញី ដោយរឿងអាស្រូវ ដូចតារាចម្រៀងដ៏ទៃ ធ្វើឲ្យនាងមាន យីអ៊ុនខ្ពស់ជាងគេ ក្នុងជម្រើសរបស់ ក្រុមហ៊ុនល្បី ដែលត្រូវការតារាល្បីៗ មកឃោសនាផលិតផលរបស់ខ្លួន ។
ប្រជាប្រិយភាពកាន់តែកើនឡើង តារាស្រីរូបនេះ ក៏កាន់តែតម្លើងឫកពាររបស់ខ្លួន ឲ្យសមតាមភាពល្បីល្បាញ របស់ នាង ដោយមិនខ្វល់ថា អ្នកដ៏ទៃយល់យ៉ាងណាចំពោះនាងនោះទេ រហូតដល់ថ្នាក់មហាជនខ្លះនិយាយថា នាងឫកដូច តារាហូលីវូត សូម្បីតែអ្នកគាំទ្រនាងខ្លះក៏លួចរអ៊ូថា គ្រាន់តែចង់ជួប ឱក សុគន្ធកញ្ញា សោះ ហេតុអ្វីក៏ពិបាកម្ល៉េះ ? ជាការពិតគ្រាន់តែ ឱក សុគន្ធកញ្ញា ចុះពីលើឆាកភ្លាម គេសង្កេតឃើញថា មានអ្នកតាមហែរហមការពារ ដូចមន្រ្តី ឋានៈ ធំៗក្នុងជួររដ្ឋាភិបាល ។អ្នកគាំទ្រនោះ និយាយទៀតថា តាមពិតទៅអ្នកដែលចោមរោម សុំថតជាមួយសុទ្ធ តែជាអ្នកគាំទ្រនាង ស្រឡាញ់ចូលចិត្តនាង ហេតុអ្វីក៏ ឱក សុគន្ធកញ្ញា ដូចជាអត់ចាប់អារម្មណ៍អីសោះអ៊ីចឹង...! ។
បើទស្សនិកជន មិនស្រលាញ់ មិនគាំទ្រ ក៏គេមិនទៅរវីរវល់ដែរ ព្រោះតារាចម្រៀងផ្សេងៗ តែងតែផ្ដល់ភាព ស្និទ្ធ ស្នាល ដល់អ្នកគាំទ្ររបស់ខ្លួន ជាក់ស្ដែងដូចជា តារាល្បីក្នុងដំបូលផលិតកម្មជាច្រើនដួង បានថតរូប និងជជែក លេង ជាមួយអ្នកគាំទ្ររួចរាល់បានទៅសំងំក្នុងរថយន្ត ។ ប៉ុន្តែ ឱកសុគន្ធកញ្ញាវិញ ចុះពីឡានឡើងឆាក ចុះពីឆាក ឡើងឡាន វិញភ្លាម ធ្វើមិនដឹង ហើយមានអង្គរក្ស ចាំនិយាយដាក់អ្នកគាំទ្រថា សុំពេលឲ្យគាត់សម្រាកសិន ។
គេសង្កេតឃើញថា ក្នុងការប្រគំតន្រ្តី ខារ៉ាបាវនៅឯកោះពេជ្រ នាងហាក់លេចធ្លោជាងតារាចម្រៀងដទៃ ។ ប៉ុន្តែ បើមើលឲ្យច្បាស់មែនទែន នាងហាក់ថយចុះនូវការគាំទ្រច្រើនណាស់ មិនដូចមុនទេ ដោយសារនាង ហាក់មិនមាន អ្វីដែលថ្មី ហើយប្លែកទាល់តែសោះ ។ រាល់ការប្រគំតន្រ្តីនានា នាងយកតែបទចម្រៀងចាស់ៗមកបកស្រាយ ហើយ បើនិយាយរឿងក្បាច់រាំវិញ ចប់បាត់តែម្ដង ដោយសារនាងរាំយូរៗទៅ ដូចអត់រាំចឹង គឺមិនខ្លាំងក្លា ដូច ទេព បូព្រឹក្ស និង ពេជ្រ សោភា សោះ ។
បន្ថែមពីនោះទៀត ការស្លៀកពាក់វិញ គឺអត់មានអ្វីប្លែកទេ ហើយនាងឡើងទម្ងន់ទៀត រឹតតែមើលទៅមិន សមជា កំពូលតារាចម្រៀង ដែលមហាជននិយមគាំទ្រទាល់តែសោះ ។ ឱក សុគន្ធកញ្ញា មិនងាយស្រួលក្នុង ការប្រាស័យ ទាក់ទង ដើម្បីបានបកស្រាយលើរឿងខាងលើនោះទេ បើចង់ឲ្យនាងបកស្រាយរឿងផ្សេងៗ រឹតតែមិនងាយ ស្រួល ទៅទៀត ។
ប្រភពពីស្ថានីយទូរទស្សន៍មិនសូវល្បីឈ្មោះមួយ បានរៀបរាប់ថា គ្រាន់តែចង់អញ្ជើញ ឱក សុគន្ធកញ្ញា ជាតារា កិត្តិយស ក្នុងកម្មវិធីមួយ តែមិនអាចទាក់ទងនាង បានទាល់តែសោះ ពេលខលទៅឮតែមនុស្សស្រី ម្នាក់ប្រាប់ថា ចាំប្រាប់ សុគន្ធកញ្ញា ឲ្យ តែបីខែហើយ នៅតែមិនអាចអញ្ជើញនាងបានទៀត ។ អាចមកពីស្ថានីយ មិនសូវល្បី ហើយមើលទៅ បានជានាង មិនសូវខ្វាយខ្វល់ជាមួយ។ ដូចនេះស្ថានីយទូរទស្សន៍ ក៏មិនហ៊ានអញ្ជើញតារាល្បី ដូច ឱក សុគន្ធកញ្ញា ទៀតដែរ ។
កំពូលតារាចម្រៀងល្បី ឱក សុគន្ធកញ្ញា ហាក់ជួបរឿងមិនសូវល្អសោះ បន្ទាប់ពីបែកបាក់ស្នេហា ជាមួយលោក រ៉េត ធីដូណា រួចមក ។ គេមិនដឹងថា ឱក សុគន្ធកញ្ញា អាចបន្តតំណែងជាតារាល្បីបានយូរប៉ុណ្ណាទេ ព្រោះបច្ចុប្បន្ននេះ តារា ចម្រៀងថ្មីៗបានរះព្រោងព្រាត ។ កាលមុនគេនិយាយបានថា នាងជាតារាចម្រៀងដែលពូកែទាំងរាំ និងច្រៀង បានល្អជាងគេ តែបច្ចុប្បន្នភាពល្បីល្បាញនេះ ត្រូវបានហែកចែកគ្នា ដោយតារាចម្រៀង ផ្សេងៗក៏មានទេពកោសល្យ ខ្ពស់មិនចាញ់ឱក សុគន្ធកញ្ញា ប៉ុន្មានឡើយ ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល