កំណែ iPhone 16GB នឹងត្រូវ Apple បោះបង់ នេះគឺជាផ្នែកមួយនៃពាក្យចចាមអារ៉ាម ទាក់ទិននឹងម៉ូដែលស្មាតហ្វូនបន្ទាប់របស់ Apple ដែលមានឈ្មោះថា iPhone 6S។ ជំនួសមកវិញ កំណែ 32GB គឺជាកំណែទាបបំផុតសម្រាប់ស្មាតហ្វូនថ្មីរបស់ Apple។

ព័ត៌មានត្រូវបានគេដឹងតាមរយៈ Foxconn ជាក្រុមហ៊ុនមួយដែលធ្លាប់បានជួយអភិវឌ្ឍផលិតផលខ្លះ ទាក់ទិននឹងទូរសព្ទរបស់ Apple។ ប្រភពពី Foxconn ឱ្យដឹងថា Apple មិនបានជួលឱ្យក្រុមហ៊ុននេះ ផលិតស្រោមទូរសព្ទដែលមានបោះពុម្ភអក្សរទាក់ទងនឹងទំហំអង្គចងចាំ 16GB នោះទេ ប៉ុន្តែ សម្រាប់ 32GB, 64GB និង 128GB Foxconn នៅតែទទួលបានការអនុញ្ញាតឱ្យផលិតពី Apple ដដែល។
ការដែល Apple ចង់បោះបង់កំណែ 16GB នេះ បានត្រូវគេគិតដល់តាំងតែពីយូរមកហើយ ប៉ុន្តែ មកដល់ពេលនេះ វាមិនទាន់បានក្លាយជាការពិតនៅឡើយ។ យ៉ាងនេះក្ដី យោងតាមការវាយតម្លៃពីអ្នកប្រើប្រាស់ គេត្រូវបាត់បង់អង្គចងចាំប្រហែល ២០% សម្រាប់ iPhone និមួយៗ ដើម្បីដំឡើងប្រព័ន្ធប្រតិបត្តិការ ដូច្នេះ សម្រាប់ 13GB ដែលនៅសល់ វាហាក់ដូចជាតិចណាស់សម្រាប់ការរក្សាទុកទិន្នន័យដែលចេះតែមានទំហំធំឡើងដូចបច្ចុប្បន្ន ពិសេសគឺនៅពេលគុណភាពរូបថត និងវីដេអូ ត្រូវបានគេអភិវឌ្ឍ។
ខាងលើនេះ ក៏ជាចម្លើយសមស្របមួយ ដែលឆ្លើយតបនឹងសំនួសថា ហេតុអ្វី iPhone 6S ថ្លៃជាង iPhone 6 ដែលប្រភពជាច្រើនធ្លាប់បានលើកឡើងមុននេះ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ micgadget