ថ្ងៃនេះ Camnews សូមណែនាំខ្សែភាពយន្តថ្មីមួយជូនលោកអ្នកទាំងអស់គ្នាបានស្គាល់ដែលខ្សែភាពយន្តនេះមានចំណងជើងថា Tai Chi Zero ដែលខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តចិនបូរាណដែលពេញដោយសកម្មភាពរស់រវើក។/ខ្សែភាពយន្តរឿង Tai Chi Zero ត្រូវបានដឹកនាំការសម្ដែងដោយកំពូលអ្នកដឹកនាំរឿងចិនលោកStephen Fung និងនិពន្ធដោយ Kuo-fu Chen ចូលរួមសម្ដែងពីតារាស្រីស្រស់ស្អាតនាង Angelababy តារាសម្ដែងមកថ្មី Yuan Xiaochao តារាជើងចាស់ Tony Leung Ka Fai និង Eddie Peng។/ក្នុងខ្សែភាពយន្តរឿង Tai Chi Zero នេះ Yuan Xiaochao សម្ដែងជា Yang Lu Chan ដែលបានធ្វើដំណើរទៅកាន់ភូមិ Chen ដែលជាភូមិដ៏ល្បីល្បាញខាងវិជ្ជាគុណ ហើយគោលបំណងរបស់គេគឺមានតែមួយគត់ ពិតណាស់គឺដើម្បីហាត់វិជ្ជាគុណដ៏ល្បីរបស់ភូមិ Chen ប៉ុន្តែជាអកុសលគេគ្រប់គ្នាប្រាប់មកគេវិញថា វិជ្ជាគុណរបស់ភូមិនេះមិនមែនសម្រាប់បង្ហាត់ដល់អ្នកក្រៅនោះទេ។ គេត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីស្វែងរកគ្រូធំក្នុងភូមិហើយហាត់វិជ្ជាគុណភូមិ Chen នេះអោយបានដើម្បីព្យាបាលជំងឺរបស់គេ។/មិនត្រឹមតែជាខ្សែភាពយន្តបែបវាយប្រហារក្បាច់គុណរស់រវើកនោះទេ ថែមទាំងជាខ្សែភាពយន្តបែបកំប្លែងទៀតផង ហើយលោកអ្នកនឹងបានទទួលនូវទស្សនីយភាពជក់ចិត្តត្រជាក់ភ្នែកជាមួយបច្ចេកវិទ្យា 3D ទៀតផង។/ខ្សែភាពយន្តរឿង Tai Chi Zero នេះគឺជាភាគទី ១ ដែលនឹងនៅមានភាគទី ២ ទៀតដែលនឹងចាក់បញ្ចាំងជាបន្តនៅក្នុងខែវិច្ចិកាខាងមុខនេះដែលភាគទី ២ មានចំណងជើងថា Tai Chi Hero ដែលក្នុងភាគទី ២ អ្នកក្លាហាន Yang Lu Chan នឹងត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីការពារភូមិ Chen ពីការកំទេចរបស់ទាហានបរទេស។ ជាមួយគ្នានេះផងដែររឿង Tai Chi Zero មានចាក់បញ្ចាំងហើយនៅរោងភាពយន្ត លេជេន ផ្សាទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា