តាមការសិក្សាបានអោយដឹងថាការទៅហាត់ប្រាណអាចបណ្ដាលអោយខូចសុខភាពបានព្រោះតែទៅហាត់ប្រាណនៅតាមក្លឹបហាត់ប្រាណសាធារណៈ ហើយបណ្ដាលមកពីកង្វះអនាម័យរបស់អ្នកទៅហាត់ផងដែរ។
គេហទំព័រសុខភាពមួយបានធ្វើការស្ទង់មតិតាមការសួរមនុស្ស ២០០០ នាក់ដែលបានទៅក្លឹបហាត់ប្រាណ។ លោក Sarah Marsh អ្នកនាំពាក្យគេហទំព័រនេះបានអោយដឹងថា ការទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណមួយចំនួនគឺពិតជាមានគ្រោះថ្នាក់ទោះបីជាទទួលបាននូវសុខភាពសាច់ដុំមែនប៉ុន្តែមានការលំបាក និងងាយឆ្លងមេរោគ ព្រោះតែភាពកង្វះអនាម័យរបស់អ្នកដទៃ។ក្នុងនោះរបស់ប្រើប្រាស់នៅក្លឹបហាត់ប្រាណសុទ្ធសឹងតែជារបស់រួមហើយបញ្ហាធំនោះគឺបញ្ហាញើសដែលចេញមកពីអ្នកទៅហាត់ដទៃតែម្ដង។ ក្នុងនោះ ២២ ភាគរយបានអោយដឹងថា សុទ្ធសឹងតែមិនគិតពីបញ្ហាអនាម័យនៅក្លឹបហាត់ប្រាណ ១៨ ភាគរយបានអោយដឹងថា មានបញ្ហាកណ្ដាស ក្អក និងញើសសំបោរពាសវាលពាសកាល នៅក្លឹបហាត់ប្រាណ ៣៥ ភាគរយបានអោយដឹងថាមិនដែលបានប្រើរ៉ូលអន ឬងូតទឹកមុនទៅហាត់ប្រាណនៅក្លឹបនោះទេ ហើយមាន ១៦ ភាគរយទៀតប្រាប់ថាមានអាវមួយសម្រាប់ពាក់មកហាត់ប្រាណហើយកម្រនឹងបោកណាស់។នេះគឺជាបញ្ហាប្រឈមមួយសម្រាប់អ្នកដែលទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណ៕
ដោយ៖ ផានិតប្រភពពី៖ mirror