ភ្នំពេញ៖ តារាចម្រៀងរាងសង្ហា សំឡេងស្រទន់ ហ្សូណូ កំពុងទទួលបាន ប្រជាប្រិយភាព យ៉ាងក្រាស់ក្រែល តាំងពីលោកឈានជើង ចូលមកកាន់ទ្រនំ ហង្សមាស ដែលជាទ្រនំធំ និង ពោពេញទៅដោយសិល្បករ ខ្លាំងជាច្រើនរូប ។បើកទំព័រសិល្បៈសារជាថ្មីជាមួយ អាល់ប៊ុមពីរនាក់ យក់ ឋិតរដ្ឋា មិនទាន់បានប៉ុន្មានផង ក៏បន្តឆ្លើយឆ្លងជាមួយឱក សុគន្ធ កញ្ញា ក្នុងអាល់ប៊ុម បងល្អគ្រប់យ៉ាងតែអូន ស្រឡាញ់គេ។
លើសពីនេះ ហ្សូណូ ក៏បានចេញបទញាក់ជាមួយ ឈិត សុវណ្ណបញ្ញា មួយអាល់ប៊ុមទៀត និងបទជាប្រភេទ មនោសញ្ចេតនាជាមួយ ពេជ្រ សោភា ដែលកាលពី មុនតារាប្រុស ដែលចេញចម្រៀង ច្រើនជាងគេបែបនេះ គឺមានតែ ឆន សុវណ្ណរាជ ប៉ុណ្ណោះ។ តែពេលនេះតំណែងបាន រអិលធ្លាក់ចូលដល់ដៃ ហ្សូណូ បាត់ទៅហើយ។
រូបភាពលើហ្វេសបុកជាច្រើន បានបង្ហាញថាតារាប្រុសរូបនេះ កំពុងមមាញឹកយ៉ាងខ្លាំង ទាំងការថតសំឡេង បញ្ចូលក្នុងស៊ីឌី ក៏ដូចថតកាយវិការ សម្រាប់ខារ៉ាអូខេ ហើយស្ថិតនៅក្រោម ស្នាដៃអ្នកនិពន្ធនិង ដឹកនាំសម្ដែងដែលខ្លាំងៗ ប្រចាំផលិតកម្មហង្សមាស មានដូចជា លោក កៅ សីហា អ្នកដឹកនាំល្បី សុខ ចាន់ផល កវីសម្បូរបទចម្រៀង ស្នេហាយុវវ័យ និង កវីនិពន្ធផ្សេងៗទៀត ។
នៅលើឆាកតន្ត្រីនានា តារាប្រុសសង្ហា រូបនេះតែងបង្ហាញនូវ ស្នាមញញឹមពោរពេញ ទៅដោយភាពសប្បាយ រីករាយក្នុងអារម្មណ៍ បើទោះជាថ្មីៗនេះ ភរិយារបស់លោក នាង ច័ន្ទ សុផានី បានប្រកាសកាត់ ផ្ដាច់ទំនាក់ទំនង ឈប់ទទួលស្គាល់ ហ្សូណូ ជាប្ដីហេងស៊យ តទៅទៀតក៏ដោយ ក៏លោកមិនខ្វល់ខ្វាយនឹង ព័ត៌មានដ៏រសើបនេះដែរ ជាពិសេស គឺអនាគតកូនស្រី ដែលកំពុងតែដង្ហោយ ហៅឈ្មោះប៉ាប៉ា រាល់ថ្ងៃនេះ ។
ជាមួយគ្នានេះ ក្រុមគ្រួសារលោកក៏កំពុងពេញចិត្តនូវអ្វីៗដែលហ្សូណូ ធ្វើបច្ចុប្បន្នយ៉ាងខ្លាំងព្រោះពួកគាត់មិនដែល ទទួលស្គាល់ចំណង ស្នេហ៍ឥតខាន់ស្លា មួយនេះជាមួយ ច័ន្ទ សុផានី តាំងពិដំបូងមកនោះឡើយ ។ ហ្សូណូ មិនសូវខ្វាយខ្វល់ ព័ត៌មានដែល ទាក់ទងនឹង ច័ន្ទ សុផានីប៉ុន្មានទេ ខណ:ដែលហង្សមាស មិនចង់ឲ្យហ្សូណូ មានព័ត៌មានរសេមរសាម អាស្រូវស្នេហា ស្របពេលដែលលោក កំពុងឡើងកូដនេះទេ ។
ប៉ុន្តែទោះជាយ៉ាងណា មជ្ឃដ្ឋានអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាដែល បានតាមដានដឹងយ៉ាងច្បាស់ពីរឿងរ៉ាវចំណង ស្នេហារបស់តារាទាំងពីរដួងនេះ បានធ្វើការស្ដីបន្ទោសខ្លាំងៗ ទៅលើលោក ហ្សូណូ ថាជាមនុស្សប្រុសគ្មានភាពទទួលខុសត្រូវចំពោះ ទង្វើដែលខ្លួនឯងបានប្រព្រឹត្តិខុសឆ្គងទៅលើប្រពន្ធកូន។ ម្យ៉ាងទៀតទង្វើនេះអាច ជះឥទ្ធិពលអាក្រក់ ទៅដល់តារាៗល្បីៗ ជាច្រើនទៀត ដែលពួកគេមានភាព ស្អាតស្អំក្នុងរឿងស្នេហា ចេះទទួលខុសត្រូវ លើក្រុមគ្រួសារ និងប្រពន្ធកូន។ តែទោះជាយ៉ាងណាក្ដី ច័ន្ទ សុផានី ក៏បានប្រកាស ជាសាធារណៈថា នាងបានដាច់ចិត្ត បញ្ចប់ទំនាក់ទំនងទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ ជាមួយតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស និងជាស្វាមីហេងស៊យរបស់នាង គឺ លោក ហ្សូណូ ព្រោះរយៈកាលកន្លងមក ប្ដីរូបនេះមិនដែលខ្វល់ខ្វាយ ជួយដោះស្រាយ ចិញ្ចឹមបីបាច់ថែរក្សាកូនស្រី បន្តិចណាសោះ និងតែងតែប្រើល្បិច កុហកនាងរហូត ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល