រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែបញ្ចុះបញ្ចូល កូរ៉េខាងត្បូង កុំឱ្យប្រើផលិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technology Co LTD ។ នេះបើយោងតាមកាសែតរបស់កូរ៉េខាងត្បូង ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ចំពេល ដែលក្រុងវ៉ាស៊ុនតោនខ្នះខ្នែង បញ្ចុះបញ្ចូលបណ្ដាសម្ព័ន្ធមិត្ដរបស់ខ្លួន ឱ្យច្រានចោលផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ។

នៅក្នុងហេតុការណ៍មួយ មន្រ្ដីមួយរូបមកពីក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ជាមួយសមភាគីកូរ៉េខាងត្បូងម្នាក់ទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក LG Uplus Corp ដែលប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei  មិនគួរត្រូវបានអនុញ្ញាតឱ្យផ្ដល់សេវា នៅតាមបណ្ដាតំបន់ប្រកួតប្រជែង នៅក្នុងប្រទេសកូរ៉េខាងត្បូងទេ នេះបើតាមការរាយការណ៍របស់កាសែត Chosun Ilbo ។

/

ក្រុងវ៉ាស៊ីនតោន បាននិងកំពុង ដាក់សម្ពាធបណ្ដាប្រទេសសម្ព័ន្ធមិត្ដ មិនឱ្យប្រើឧបករណ៍ដែលផលិតដោយក្រុមហ៊ុន Huawei  ដោយក្ដីបារម្ភថា ឧបករណ៍ទាំងនោះ នឹងត្រូវបានប្រើដើម្បីឈ្លបយកការណ៍សម្ងាត់ ឬការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ជាក្ដីបារម្ភ ដែលក្រុមហ៊ុន Huawei និយាយថា ខ្លួនពុំបានបង្កើតឡើយ ។

យុទ្ធនាការប្រឆាំងនឹងក្រុមហ៊ុន Huawei កាន់តែមានសភាពខ្លាំងឡើងកាលពីសប្ដាហ៍មុន នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ចុះហត្ថលេខាលើបទបញ្ជាចេញដោយស្ថាប័ននីតិប្រតិបត្ដិ ដែលមានប្រសិទ្ធភាពហាមឃាត់មិនឱ្យប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei នៅក្នុងបណ្ដាញទូរគមនាគមន៍អាមេរិក នៅតាមតំបន់រក្សាសន្ដិសុខជាតិ។ លើសពីនេះទៀត ក្រសូងពាណិជ្ជកម្មអាមេរិក បានដាក់កំហិត លើការបញ្ជាទិញរបស់ក្រុមហ៊ុនចិនមួយនេះចំពោះផលិតផលបច្ចេកវិទ្យាអាមេរិក ។  

ខណៈដែលកូរ៉េខាងត្បូងជាសម្ព័ន្ធមិត្ដរបស់សហរដ្ឋអាមេរិកនោះ ប្រទេសចិន ក៏ជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូងដែរ ។ ប្រទេសចិន បាននាំចូលចំនួនមួយភាគបួននៃផលិតផលនាំចេញសរុបរបស់កូរ៉េខាងត្បូង នៅរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ នេះបើយោងតាមទិន្ន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ។

កាសែត Chosun Ilbo  បានរាយការណ៍ដោយដកស្រង់ប្រភពការទូតអនាមិករបស់ក្រុងស៊េអ៊ូលមកនិយាយថា រដ្ឋាភិបាលអាមេរិក បានផ្ញើសារម្ដងហើយម្ដងទៀត ទៅកាន់ក្រសួងការបរទេសកូរ៉េខាងត្បូងតាមរយៈមធ្យោបាយការទូតផ្សេងៗថា ការប្រើផលិតផលរបស់ក្រុមហ៊ុន Huawei  អាចបណ្ដាលឱ្យមានបញ្ហាសន្ដិសុខ ។

ស្ថានទូតអាមេរិក ប្រចាំនៅក្រុងស៊េអ៊ូល ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយចំពោះបញ្ហានេះឡើយ ។ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏ពុំទាន់ផ្ដល់ការបកស្រាយជុំវិញបញ្ហានេះដែរ ។

មន្រ្ដីមួយរូបមកពី LG Uplus បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន LG Uplus មិនទាន់ទទួលបានរបាយការណ៍ ឬសំណើណាមួយពីក្រសួងការបរទេសកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិកអំពោះការប្រើប្រាស់របស់យើងនូវឧបករណ៍របស់ក្រុមហ៊ុន Huawei ទេ ៕  

ប្រែសម្រួល៖ សារ៉ាត(David Rin)

ប្រភព៖ CNBC