ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេស បានរកឃើញវត្ថុធាតុមួយប្រភេទពិសេស នៅលើអាកាសរបស់ផែនដី ហើយបានប្រកាសថា មនុស្សគឺជាកូនចៅរបស់សត្វដែលនៅខាងក្រៅភពផែនដី។

/

ជីវិតនៅខាងក្រៅផែនដី មិនត្រឹមតែជាការពិតនោះទេ ប៉ុន្ដែ បណ្ដាវត្ថុធាតុនានារបស់ភពដទៃ កំពុងតែធ្លាក់ចុះមកកាន់ផែនដី ជាបន្តបន្ទាប់ ជួយឱ្យគេបកស្រាយបាននូវប្រភពនៃជីវិតទាំងមូលនៅលើផែនដី។

ខាងលើនេះ គឺជាលទ្ធផលដែលបានមកពីការស្រាវជ្រាវរបស់សកលវិទ្យាល័យ Sheffield និងសកលវិទ្យាល័យ Buckingham ប្រទេសអង់គ្លេស។ ក្រុមអ្នកស្រាវជ្រាវយល់ថា ការបង្ហាញខ្លួនរបស់វត្ថុធាតុពិសេស នៅលើអាកាសរបស់ផែនដី គឺជាភ័ស្ដុងតាងមួយ ស្ដីអំពីជីវិតខាងក្រៅផែនដី ដែលត្រូវបានគេទន្ទឹងរង់ចាំបំផុត។

/

ការរកឃើញវត្ថុធាតុសំខាន់នេះ បានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវ ប្រកាសថា មនុស្ស និងសត្វទាំងឡាយនៅលើផែនដី គឺសុទ្ធតែមានប្រភពមកពីអវកាស។

ទំព័រ Daily Express ឱ្យដឹងថា សាស្ដ្រាចារ្យ Milton Wainwright និងសហការីរបស់ខ្លួន បានរកឃើញវត្ថុធាតុខាងលើ នៅពេលពួកគេបង្ហោះបាឡុងហោះ ទៅកាន់កំពស់ ២៧.០០០ម៉ែត្រ ធៀបនឹងផ្ទៃដី ក្នុងអំឡុងពេលមានភ្លៀងអាចម៍ផ្កាយ Perseid កើតឡើង កាលពីឆ្នាំទៅ។

/

នេះ​គឺ​ជា​រូប​ភាព​ផ្កាយ និង​ភព​ដែល​មាន​ចំនួន​ រាប់​មិន​អស់ នៅ​លើ​លំហ​អាកាស

នៅពេលបាឡុង ហោះដល់រយៈកំពស់ខាងលើ វាក៏បានរកឃើញសត្វចម្លែកមួយ ដែលមិនធ្លាប់បានឃើញពីមុនមក ដោយវាមានប្រវែងប្រហែល ១០ micron (០,០១មម) និងត្រូវបានបង្កើតឡើងដោយ carbon និង oxygen ហើយវាមិនមែនកើតឡើងពីធូលីអវកាស ឬភ្លំភ្លើងនោះទេ។

ក៏ប៉ុន្ដែ ការប្រកាសអះអាងរបស់ Wainwright ត្រូវរងការរិះគន់ពីអ្នកវិទ្យាសាស្ដ្រនានា ដោយក្នុងនោះ មានអ្នកខ្លះ យល់ថា បើទោះជាសត្វមួយនេះ មានលក្ខណៈពិសេសតែមួយ ប៉ុន្ដែ វាមិនអាចនឹងឱ្យគេជឿបានថា វាជាជីវិតនៅខាងក្រៅផែនដីនោះដែរ នេះបើតាមទំព័រ  Space.com។

/

លោក សាស្ដ្រាចារ្យ Milton Wainwright

គួររំលឹកថា កាលពីខែមុននេះ ក្រុមអវកាសចរ ក៏បានរកឃើញសត្វចម្លែកមួយ ដែលទំជាប់នឹងស្ថានីយអវកាសអន្តរជាតិ ដែលនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ express