គាត់ឈ្មោះ ទេព លីវីណា មានមនុស្សមួយចំនួនប្រហែលជាបានស្គាល់គាត់ហើយ តែមួយចំនួនទៀតក៏ប្រហែលជាមិនទាន់ស្គាល់។ គាត់គឺជាមនុស្សម្នាក់ដែលធ្លាប់ជាជនពាល វាយកាប់ចាក់ តែមានឆន្ទះក្នុងការកែប្រែខ្លួនអោយក្លាយជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោមយុវជនដទៃ។
ធម្មតាអ្នកគ្រប់គ្នាដឹងថាការតស៊ូដើម្បីសម្រេចអ្វីមួយនោះវាមិនងាយស្រួលនោះទេ ហើយចំពោះការតស៊ូរបស់បុរសម្នាក់នេះក៏មិនមែនជាការងាយស្រួលណាស់ដែរ តែគាត់នៅតែអាចធ្វើបាន!ថ្ងៃនេះ Camnews បានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយលោក ទេព លីវីណា តាមសំណូមពររបស់ប្រិយមិត្តដែលចង់ដឹងអំពីគន្លិះនៃការតស៊ូរបស់លោកផ្ទាល់។
Camnews៖ ជំរាបសួរបងប្រុស។ ថ្ងៃនេះសុខសប្បាយជាធម្មតា។ ហើយក្នុងបទសម្ភាសន៍ថ្ងៃនេះសំនួរដំបូងខាងយើងខ្ញុំផ្ទាល់ ក៏ដូចជាប្រិយមិត្តមួយចំនួនគឺធ្លាប់បានដឹង តាមការបង្ហាញខ្លួនរបស់បងក្នុងកម្មវិធី ឡូយ៩ របស់ BBC Media Action ថាបងធ្លាប់ជាជនពាលហើយខិតខំតស៊ូរហូតបានក្លាយជាគ្រូបង្រៀនម្នាក់ដ៏ល្អតើបងអាចប្រាប់ពីដំណើរនៃជីវិតជាជនពាល កាលពីមុននឹងហេតុការណ៍ដែលបានកើតឡើងក្នុងថ្ងៃដែលគេវាយប្រហារមកលើរូបបងបានទេ?លោក ទេព លីវីណា៖ បាទនិយាយទៅគឺថាខ្ញុំចាប់ផ្ដើមសេពគប់មិត្តភ័ក្រដើរលេងមកតាំងពីនៅរៀនវិទ្យាល័យថ្នាក់ទី ១១ រហូតមកដល់ឆ្នាំទី ១ នៃសាកលវិទ្យាល័យទើបវាមានហេតុការអាក្រក់កើតឡើងចំពោះខ្ញុំ។ និយាយទៅជីវិតនៅពេលនោះគឺខ្ញុំអត់ខ្វល់អីទាំងអស់ មួយថ្ងៃៗគឺដើរលេងផឹកស៊ីហើយអាចមានដល់វាយគ្នាទៀតផង ហើយបើនិយាយពីចុងសប្ដាហ៍គឺទៅបាក់ខែង សឹងតែរាល់អាទិត្យ។ តែមកដល់ឆ្នាំ ២០០៦ កាលនោះគេវិស្សមកាលឆ្នាំទី ១ ខ្ញុំរៀននៅ IFL មានយប់មួយនោះគឺខ្ញុំចេញទៅផឹកស៊ី នៅក្បែរវាំងកាលនោះមានកន្លែងលក់ប្រហិត ហើយយប់នោះគឺធម្មតាយើងក្មេងៗចេញទៅផឹកស៊ីវាតែងតែមានទាស់សម្ដីគ្នា រហូតដល់ពេលមួយនោះគឹត្រៀមខ្លួនវ៉ៃគ្នា ខ្ញុំនៅចាំថាយប់នោះខ្ញុំបានបើករថយន្តទៅបត់ចូលផ្លូវដែលត្រូវដល់កន្លែងមានទំនាស់ហ្នឹង គឺឃើញមានមនុស្សចេញមកពីកន្លែងរៀងខ្លូនតាមដងផ្លូវ ហើយមានមនុស្សដើរកាត់មុខរថយន្តពេលនោះខ្ញុំដឹងហើយថានឹងមានអ្វីកើតឡើង ស្រាប់តែពេលនោះគឺមានសម្លេង ផាំងកញ្ចក់ឡានបានបែកហើយខ្ញុំស្នានថាមានគេគប់ដុំថ្ម ទេតែពេលខ្ញុំក្រលេកមើលមិត្តរបស់ខ្ញុំដែលគាត់អង្គុយនោះខាងស្ដាំដៃគឺគាត់ត្រូវគ្រាប់ចំជើងហើយសន្លប់បាត់ ហើយដល់ពេលនោះខ្ញុំបានយកដៃទៅស្ទាបជើងស្ដាំរបស់ខ្ញុំឃើញមានឈាម ពេលនោះខ្ញុំដឹងថាខ្ញុំត្រូវគេបាញ់។ បន្ទាប់មកក៏ចេះតែព្យាយាមបើកឡានចេញមកហើយគេនៅតែតាមរហូតដល់ពេលខ្ញុំទៅដល់មន្ទីពេទ្យនៅទីនោះមានប៉ូលីសទើបពួកខ្ញុំរួចខ្លួនពីការវាយប្រហារ។ ហើយបន្តបន្ទាប់មកប៉ាក់ពួកខ្ញុំគេនៅតែព្យាយាមសងសឹកវិញតែខ្ញុំ មិនបានចូលរួមទេព្រោះខ្ញុំត្រូវរបួសសម្រាក ១ ខែជាង។Camnews៖ ហើយចុះបន្ទាប់ពីថ្ងៃកើតហេតុនោះមកតើមានអ្វីដែលបណ្ដាលអោយបងប្រុសមានឆន្ទះក្នុងការកែខ្លួននោះ?លោក ទេព លីវីណា៖ ការពិតទៅខ្ញុំគ្មានគំរោងច្បាស់លាស់ក្នុងការកែប្រែនោះទេ តែខ្ញុំឃើញនូវទិដ្ឋភាពមួយចំនួនដែលវាបានធ្វើអោយខ្ញុំភ្ញាក់ខ្លួនដូចជា ឪពុកម្ដាយ ខ្ញុំគាត់ត្រូវភា្ញក់ពីព្រលឹមដើម្បីចេញស្វែងរកប្រាក់ ហើយខ្ញុំអត់ធ្វើអ្វីបានសោះឡើយ ការពិតទៅបើនិយាយពីស្ថានភាពគ្រួសារខ្ញុំនៅពេលនោះគឺគាត់មិនធូធារនោះទេ ម្ដាយខ្ញុំគាត់លក់គុយទាវនៅផ្ទះ ហើយឪពុកខ្ញុំគាត់ទៅរកស៊ីនៅខាងក្រៅហើយនៅពេលនោះគឺគាត់កំពុងតែខាត ហើយដល់ថ្នាក់ដែលត្រូវប្រកាស់លក់ផ្ទះហើយ តែខ្ញុំបែជាមិនដឹងរឿងអ្វីសោះទាក់ទងនឹងគ្រួសារខ្លួនឯង ខ្ញុំគិតតែពីដើរចាយវាយតាមចិត្ត។ បន្ទាប់មកខ្ញុំគិតថាគួរណាតែដល់ពេលបញ្ឈប់រឿងអត់ប្រយោជន៍ទាំងនោះហើយ តែជាធម្មតាអ្នកដឹងថាអ្វីដែលយើងធ្វើវាជាទម្លាប់មកច្រើនឆ្នាំហើយមកចង់ផ្ដាច់ភ្លាមៗ គឺវាមានការពិបាកហើយដូចខ្ញុំនិយាយពីខាងដើមគឺខ្ញុំអត់មានគំរោងនោះទេ បន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមកាត់បន្ថយការដើរលេងជាមួយមិត្តភ័ក្រ និយាយទៅគឺមិនកាត់ទាំងអស់នោះទេគឺចាប់ផ្ដើមកាត់បន្ថយបន្តិចម្ដងៗរហូតមកដល់សព្វថ្ងៃនេះគឺនិយាយទៅខ្ញុំជួបមិត្តភ័ក្រចាស់ៗអស់ទាំងនោះមិនដល់ ២ ម៉ោងផងក្នុង ១ សប្ដាហ៍ហើយចំពោះមិត្តភ័ក្រគឺខ្ញុំនៅតែរាប់អានគេ ខ្ញុំអត់គិតថាមិត្តល្អឬមិនល្អនោះទេ។Camnews៖ ចុះចំពោះជីរិតក្រោយមកវិញ? តើបងប្រុសអាចប្រាប់បានទេថាក្រោយពេលមានរឿងគ្រោះថ្នាក់មកដល់ពេលនេះតើបងបានធ្វើអ្វីដែលខ្លួនឯងគិតថាល្អសម្រាប់ខ្លួនឯងខ្លះហើយ?លោក ទេព លីវីណា៖ ការពិតទៅបើនិយាយរឿងរៀនសូត្រខ្ញុំជានិស្សិតម្នាក់ដែលគ្រាន់បើដែរកាលពីខ្ញុំនៅរៀនឆ្នាំទី ១ នៅ IFL មុនពេលមានបញ្ហាគឺខ្ញុំជានិស្សិតដែលនៅក្នុងចំណាត់ថ្នាក់លេខ៣ ប្រចាំវេនហើយក្នុងឆ្នាំទី ២ និងឆ្នាំទី ៣ គឺខ្ញុំត្រូវបានគេជ្រើសរើសជាប្រធានក្រុមពិភាក្សាគឺជាប់ជាប្រធានបាន ២ ឆ្នាំហើយកាលពីនៅរៀនឆ្នាំទី ៣ គឺខ្ញុំជាប់ជាសិស្សពូកែលេខ ១ ប្រចាំជំនាន់ហើយខ្ញុំបានត្រូវគេបញ្ជូនទៅប្រទេសឡាវដើម្បីប្រកួតប្រជែងថ្លែងសន្ទរកថាក្នុងកម្មវិធី Asian University Network ហើយនៅពេលនោះហើយដែលខ្ញុំយល់ឃើញថាខ្លួនឯងចេះហើយនៅមានគេចេះជាងខ្លួនខ្ញុំទៅទៀត។ ហើយពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសខ្ញុំគឺជាសិស្សឆ្នើម ១ រូបក្នុងចំណោម ២ រូបរបស់ IFL ក្រោយមកខ្ញុំក៏ប្រមែប្រមូលប្រាក់ដែលខ្ញុំខំរកបានពីការធ្វើការងារផ្សេងកាលពីនៅរៀន វាមិនច្រើនទេប្រហែលជាជាង ១០០០ ដុល្លាអាមរិកហើយគួបផ្សំជាមួយនឹងប្រាក់ដែលរកបានពីការចេញបង្រៀនភាសាអង់គ្លេសហើយនៅឆ្នាំ ២០១0 ខ្ញុំបានបើកជាក្រុមហ៊ុនមួយដែលយើងផ្ដោតទៅលើការបង្រៀនភាសាអង់គ្លេសកម្រិតខ្ពស់គឺ TOETL និង IELTS ដោយស្ថាប័នយើងឈ្មោះថា EdNICHE Educational Service of Cambodia ដែលយើងមាននូវកម្មវិធីមួយដែលអោយឈ្មោះថា បណ្ដាញនិស្សិតឆ្នើម ដែលជាកម្មវិធីមួយដែលយើងផ្ដោតសំខាន់ដល់ការជួយលើកកំពស់និស្សិតក្នុងការសិក្សាដូចជាយើងមានសិក្ខាសាលាជារៀងរាល់សប្ដាហ៍ ហើយយើងអាចជួយជាគន្លិះក្នុងការធ្វើកិច្ចការសាលារបស់ពួកគាត់ដូចជាយើងអាចជួយផ្ដល់ជាឯកសារផ្សេងៗ។ ហើយខ្ញុំក៏មានចេញជាសៀវភៅមួយដែលមានចំណងជើងថា From A Gangster to An Outstanding Student។
Camnews៖ ជាចុងក្រោយតើបងប្រុសមានអ្វីផ្ដាំទៅមិត្តអ្នកអានទាំងអស់គ្នាទេ?លោក ទេព លីវីណា៖ ចង់ផ្ដាំប្រាប់មិត្តអ្នកអានទាំងអស់គ្នាថា អ្វីក៏ដោយអ្នកទាំងអស់គ្នាគួរណាធ្វើអ្វីដែលខ្លួនយើងស្រលាញ់ ពេលណាយើងស្រលាញ់ការងារអ្វីមួយគឺយើងធ្វើវាអស់ពីលទ្ធភាពអស់ពីបេះដូង ហើយចំពោះការរៀនគឺចូររៀនអ្វីដែលយើងពូកែហើយមានទេពកោសល្យ សម្រាប់ខ្ញុំគឺខ្ញុំដឹងគុណដល់លោកគ្រូរបស់ខ្ញុំគាត់ឈ្មោះ សុខ សូត្រ ដែលគាត់ប្រាប់ខ្ញុំថាគាត់គឺជាកូនអ្នកក្រខ្វះខាត ហើយថែមទាំងមានបញ្ហាគ្រួសាររហូតដល់ឪពុកម្ដាយរបស់គាត់ត្រូវលែងលះគ្នាទៀតផងដល់ពេលខ្ញុំដឹងរឿងរបស់គាត់ខ្ញុំយកមកប្រៀបធៀបនឹងខ្លួនឯង ឃើញថាខ្ញុំគ្រាន់បើជាងគាត់ឆ្ងាយណាស់ លុយក៏មានចាយ ឯកសារក៏មាន ហើយឪពុកម្ដាយ ក៏មិនមានបញ្ហាទៀត ចុះហេតុអ្វីបានជាខ្លួនឯងមិនអាចធ្វើអោយល្អបានដូចគេ? គេធ្វើបានយើងក៏ធ្វើបានដូចគ្នា។

នេះគ្រាន់ជាបទសម្ភាសន៍ខ្លីមួយទាក់ទងនឹងជីវិតជោកជ័យរបស់លោក ទេព លីវីណា ដែលយើងបានចុះទៅសម្ភាសន៍ផ្ទាល់។ ចំពោះពត៌មានបន្ថែមពីលោក ទេព លីវីណា លោកអ្នកអាចចូលទៅកាន់គេហទំព័រ www.teplivina.com ។
ដោយ៖ នីតា