New York : ហាងមួយដែលមានឈ្មោះថា Molecule គឺជាហាងកាហ្វេដែលទើបនឹងបើកថ្មីនៅក្នុងបុរីញ៉ូវយ៉កសហរដ្ឋអាមេរិក។ វាត្រូវបានគេស្គាល់តាមរយៈការលក់ទឹក ពោលគឺទឹកមួយដបមានតម្លៃដល់ទៅ $2.50 ឯណោះ។
លោកអ្នកពិតជាមានភាពភ្ញាក់ផ្អើលណាស់មែនទេ នៅពេលដែលបានឮថា គ្រាន់តែទឹកមួយដបមានតម្លៃដល់ទៅ $2.50 ? មែនហើយ វាគឺជាការពិត នៅក្នុងហាងកាហ្វេមួយនេះ ទឹកមួយដបពិតជាមានតម្លៃ $2.50 បា្រកដមែន ក៏ដោយសារតែទឹកនេះមានលក្ខណៈពិសេសខុសពីទឹកធម្មតា ក៏ដោយសារវាពោរពេញទៅដោយ H2O មួយរយភាគរយ។

លើសពីនេះទៅទៀត បើយោងតាមសម្តីម្ចាស់ហាងបានបញ្ជាក់អោយដឹងថា គាត់បានបើកហាងនេះឡើង ក្នុងគោលបំណងមួយ ក្នុងការផ្តល់ជូននូវទឹកដែលមានសុវត្ថិភាពខ្ពស់បំផុតចំពោះសុខភាព ក៏ដោយសារតែទឹកនៅក្នុងហាងរបស់គាត់នេះ បានឆ្លងកាត់ប្រព័ន្ធចំរោះដល់ទៅ 7 ដំណាក់កាល ដោយឆ្លងកាត់ម៉ាស៊ីនចំរោះនីមួយៗ ដែលមានតម្លៃប្រមាណ $25,000 ដែលក្រោយមកផលិតបានជាផលិតផលសំរេច ដោយលក់ជូនអតិថិជន ក្នុងមួយដបតម្លៃ $2.50 ។

គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីរបស់ម្ចាស់ហាងកាហ្វេមួយនេះ ដែលមានឈ្មោះថា Ad-am Ruhf បានបញ្ជាក់បន្ថែមអោយដឹងថា ៖ មូលហេតុដែលធ្វើអោយគាត់បាននឹកឃើញគំនិតនៅក្នុងការបើកហាងនេះ ក៏ដោយសារតែគាត់បានដឹងថា គុណភាពទឹកនៅក្នុងតំបន់ដែលគាត់បានរស់នៅសព្វថ្ងៃនេះ ពុំទាន់មានសុវត្ថិភាពល្អណាស់ណាចំពោះសុខភាពនោះទេ ពីព្រោះតែវាពោរពេញទៅដោយសារធាតុម៉្យាងដែលធ្វើអោយទឹកស។
លោក Adam Ruhf (ម្ចាស់ហាង)
ដូច្នេះ ក៏បានធ្វើអោយគាត់ផ្តួចផ្តើមគំនិតមួយក្នុងការផលិតទឹកដែលផ្តល់នូវគុណប្រយោជន៍ខ្ពស់ ចំពោះសុខភាព ដោយមិនគិតពីហានិភ័យផ្សេងៗនោះទេ ស្របពេលដែលទឹកនៅក្នុងហាងរបស់គាត់ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ ក្រោយពីវាត្រូវបានចំរោះជាមួយនឹងម៉ាស៊ីនពិសេសៗ ដល់ទៅ 7 ដំណាក់កាល៕
ដោយ ៖ មង្គលប្រភព ៖ odditycentral