បុរសម្នាក់បានមានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ដែលមានប្តីរួចមកហើយ។ ពេលអ្នកទាំងពីរកំពុងផ្តោះផ្តងស្នេហាគ្នានៅក្នុងផ្ទះ ចៃដន្យស្រាប់តែប្តីរបស់នារីម្នាក់នោះត្រលប់មកផ្ទះ។ បុរសដែលសាហាយស្មន់ជាមួយប្រពន្ធគេ បានភ័យស្លន់ស្លោសួរ៖ ស្លាប់ហើយ ឥឡូវធ្វើម៉េចទៅអូន?
_ ធ្វើកុំភ័យមើល អូនមានវិធី ថាត្រូវធ្វើម៉េចហើយ !
ពេលនោះនាងបានចូលទៅក្នុងផ្ទះបាយ ហើយយកថង់សំរាមធំមួយចេញមក បើកទ្វារហើយនិយាយជាមួយប្តីថាៈ
_ បងជួយយកសំរាមចោលជំនួសអូនបន្តិចណា !
បុរសជាប្តីបានធ្វើតាមប្រពន្ធ យកសំរាមទៅចោលនៅកន្លែងចោលសំរាម។ បានឱកាសល្អដូច្នេះ បុរសសាហាយជាមួយប្រពន្ធគេនោះ បានចេញមកក្រៅផ្ទះដោយសុវត្ថិភាព ដោយដើរត្រលប់ទៅផ្ទះបណ្តើរ ជញ្ជក់មាត់សរសើរបណ្តើរ ៖
_ នាងពិតជាឆ្លាតមែន ឆ្លាតជាងប្រពន្ធអញដាច់ហា !
ពេលត្រលប់មកដល់ផ្ទះ ចុចកណ្តឹង... យូរបន្តិចទើបនាងជាប្រពន្ធចេញមកបើកទ្វារ ដោយនៅក្នុងដៃមានថង់សំរាមធំមួយ ហើយញញឹមនិយាយថាៈ
_ បងសំលាញ់ចិត្តអូន បងជួយយកសំរាមនេះចោលជំនួសអូនបន្តិចណា !
ដោយ៖ សិលា