បើយោងតាមប្រភពពី TMZ, Justin Bieber ត្រូវបានគេដេញចេញពីសណ្ឋាគារ Faena, Buenos Aires ប្រទេសអាហ្សង់ទីន យ៉ាងប្រញាប់ នៅពេលដែលក្រុមអ្នកគាំទ្ររបស់តារាចម្រៀងម្នាក់នេះ ជាច្រើននាក់ បានបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំង នៅខាងក្រៅសណ្ឋាគារ។ ក្រុមអ្នកគាំទ្រទាំងនោះ បានទាត់ធាក់រំលំ របងសុវត្ថិភាព ស្រែកជម្ទាល និងវាយប្រហារមកលើប៉ូលិស ក៏ដូចបុគ្គលិកសន្តិសុខសណ្ឋាគារ ដើម្បីបានចូលស្រែកគាំទ្រ Justin។
អ្នកតំណាងសណ្ឋាគារនេះ បានឲ្យដឹងថា ពួកគេទទួលបានការត្អូញត្អែរ រអ៊ូរទាំ យ៉ាងច្រើនពីសំណាក់ភ្ញៀវស្នាក់នៅដទៃទៀត ពីព្រោះតែភាពគ្មានសណ្តាប់ធ្នាប់នេះ។ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាដើម្បីបង្ការនូវទិដ្ឋភាពអាក្រក់ៗ កុំឲ្យកើតឡើងផងនោះ ខាងសណ្ឋាគារគ៏បានតម្រូវឲ្យ Justin Bieber និងក្រុមរបស់គេ ចាកចេញពីសណ្ឋាគារជាបន្ទាន់។ អ្នកគ្រប់គ្រងរបស់ Justin កំពុងតែឈឺក្បាលយ៉ាងខ្លាំង ក្នុងការស្វែងរកកន្លែងស្នាក់នៅថ្មី ដល់ក្រុមការងារទាំង ២៥រូប ដើម្បីសម្រាក។ គេហទំព័រ TMZ បានឲ្យដឹងថា Justin Bieber រួមជាមួយមិត្តភក្តិ និងអ្នកការពារ ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវនៅឡើយ នៅវេលាម៉ោង ៣ទៀបភ្លឺ បន្ទាប់ពីពួកគេបានសម្តែងចប់ ហើយមិនទាន់រកបានកន្លែងស្នាក់នៅថ្មី បាននៅឡើយ៕