ថ្មីៗនេះ អ្នកលេងអ៊ីនធើរណែតចិន មានការជជែកគ្នាយ៉ាងច្រើន អំពីរូបថតមួយដែលបង្ហាញពីនារីចិត្តល្អម្នាក់ បានត្រៀមខ្លួនជាស្រេចក្នុងករណីដែលនឹងត្រូវបញ្ឈប់ពីការងារ នៅពេលនាងឈរបាំងភ្លៀងអោយអ្នកសុំទានម្នាក់។

រូបថតរបស់នារីចិត្ដល្អម្នាក់នេះ ស្លៀកពាក់អាវពណ៌ស៊ីជំពូ សក់បែបកន្ទុយមាន់ ដៃកាន់ឆ័ត្រពណ៌សឈរបាំងភ្លៀងអោយអ្នកសុំទាន់វ័យចំណាស់ រូបរាងស្គមស្គាំងម្នាក់ ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវថតបាន ក្រោយមក បានបង្ហោះលើទំព័រ Sina Weibo ដែលរូបថតនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង។

/

City Evening News របស់ចិន កាលពីថ្ងៃទី ១៨មិថុនា បានរាយការណ៍ថា នារីនៅក្នុងរូបថតនោះមានឈ្មោះថា Cao Di បញ្ចប់ការសិក្សាកម្រិតមធ្យម និងកំពុងធ្វើការជាអ្នកបំរើតុ នៅភោជ្ជនិយដ្ឋានមួយក្នុងក្រុង Changchun ប្រទេសចិន។ ដោយឃើញលោកយាយអង្គុយសុំទាននៅក្រោមភ្លៀង ដ៏ គួរអោយអាណិត នាងក៏បានកាន់ឆ័ត្របាំងភ្លៀង បើទោះជាដឹងថា ខ្លួនអាចនឹងត្រូវបញ្ឈប់ពីការងារដោយសារកំពុងនៅក្នុងម៉ោងធ្វើការ។

រូបថតនេះត្រូវបានគេចែករំលែកពាសពេញគេហទំព័រសង្គម Weibo និងក្លាយជាប្រធានបទសំខាន់ក្នុងការយកមកជជែក។ សមាជិកម្នាក់របស់គេហទំព័រនេះ សរសេរថា ក្នុងពេលនោះ នារីនេះ មានសម្រស់បំផុត។

សមជិកម្នាក់ដែលមានឈ្មោះថា Choco Chao សរសេរថា រូបភាពដែលមនុស្សពីរនាក់ជ្រោកក្រោមឆ័ត្រតែមួយ ធ្វើអោយទិដ្ឋភាពភ្លៀងធ្លាក់បែរជាភ្លឺច្បាស់។ ខណៈនោះដែរ Red Moon 7077 ក៏បានបញ្ចេញយោបល់ថា ៖ យើងបានយល់ពីចិត្តសប្បុរសរបស់ពិភពលោក តាមរយៈនារីម្នាក់នេះ។

ទោះជាយ៉ាងនេះក្ដី Wang ដែលជាមិត្តរួមការងារម្នាក់របស់ Cao Di បានអោយដឹងថា ហេតុការណ៍នេះបានបណ្ដាលអោយ Cao Di ត្រូវបាត់បង់ការងារ។ Wang សរសេរថា ៖​ខ្ញុំបានស្នើអោយ Cao Diជូនឆ័ត្រទៅអោយលោកយាយដែលជាអ្នកសុំទាននោះ និងវិលត្រឡប់មកភោជ្ជនិយដ្ឋានវិញ ព្រោះថា ពេលនោះគឺជាពេលកំពុងធ្វើការ។ ប៉ុន្ដែ Wang ចេះតែចង់នៅបាំងឆ័ត្រអោយលោកយាយម្នាក់នោះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing