រូបថតមួយនៃក្រុងបាងកក ប្រទេសថៃ ដែលថតបានពីអវកាស ប៉ុន្មានថ្ងៃកន្លងមក បាន និងកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គម Twitter ។ ក្នុងរូបថតនេះ បង្ហាញថា នៅឈូងសមុទ្រថៃ មានរស្មីពណ៌បៃតង ពេញផ្ទៃសមុទ្រ ប្រការនេះ នាំឱ្យមានសំនួរជាច្រើន ត្រូវបានលើកឡើង។

រូបថតដែលត្រូវបាន Reid Wiseman បង្ហោះនៅលើ Twitter កាលពីថ្ងៃទី ១៨ សីហា បាននាំឱ្យអ្នកលេងបណ្ដាញសង្គមមួយនេះ ជាច្រើន សង្ស័យថា ពន្លឺពណ៌បៃតង នៅលើផ្ទៃសមុទ្រ នៃឈូងសមុទ្រថៃ ប្រហែលជាពន្លឺនៃមន្ទីរពិសោធសម្ងាត់ ទាក់ទិននឹង កាំរស្មី gamma ណាមួយ។ អ្នកខ្លះយល់ថា វាអាចជាមូលដ្ឋាននៃមនុស្សភពក្រៅ ឬថា វាជាពន្លឺដែលចេញពីសារាយសមុទ្រ!
នៅពេលគេពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ នៅលើរូបថតនេះ គេមិនត្រឹមតែឃើញ ពន្លឺអំពូលភ្លើងក្នុងក្រុងបាងកក ប្រទេសថៃ និងរស្មីពណ៌បៃតង ពេញផ្ទៃសមុទ្រនៃឈូងសមុទ្រថៃប៉ុណ្ណោះទេ ប៉ុន្ដែ គេក៏នឹងឃើញខ្សែកាំរស្មីស្ដើង កោង និងមានពណ៌បៃតង នៅឯនាយជើងមេឃផងដែរ។ នេះ គឺជារស្មីដែលកើតចេញពីពន្លឺរបស់ផ្កាយនានា និងពន្លឺព្រះចន្ទ ដែលចាំងផ្លាតលើផ្ទៃផែនដី។

ក៏ប៉ុន្ដែ ពន្លឺពណ៌បៃតង ដែលស្ថិតក្នុងលើផ្ទៃសមុទ្រនៃឈូងសមុទ្រថៃ គឺមិនដូចរស្មីពណ៌បៃតង នៅឯនាយជើងមេឃនោះឡើយ។ តើវាជាពន្លឺនៃមន្ទីរពិសោធសម្ងាត់ ទាក់ទិននឹងរស្មី gamma ឬជាមូលដ្ឋាននៃមនុស្សភពក្រៅ ឬមួយក៏ ជាពន្លឺដែលចេញពីសារាយសមុទ្រ? ចម្លើយ គឺមានភាពសាមញ្ញខ្លាំងណាស់! ពន្លឺនេះ កើតចេញពីអំពូលភ្លើង LED កម្លាំងខ្លាំង របស់បណ្ដាកប៉ាល់នេសាទ។ កប៉ាល់ឡាយនៅឈូងសមុទ្រនេះ ប្រើអំពូលភ្លើងខាងលើ ដើម្បីទាក់ទាញម៉ឹក និងសត្វសមុទ្រ ឱ្យងើបអណ្ដែតមកលើផ្ទៃទឹក។
យោងតាមរបាយការណ៍មួយ នៅលើទំព័រ Earth Observatory របស់ Nasa “អ្នកនេសាទនៅតំបន់អាមេរិកខាងត្បូង និងអាស៊ីអាគ្នេយ៍ ប្រើប្រាស់អំពូលភ្លើងដែលមានថាមពលខ្លាំង នៅលើសមុទ្រ គឺដើម្បីទាក់ទាញសត្វសមុទ្រទាំងឡាយ និងបណ្ដាត្រីតូចៗ ដែលជាចំណីរបស់ម៉ឺក។ ហ្វូងម៉ឹកនឹងហែលទៅតាមចំណីរបស់ខ្លួន មកលើផ្ទៃទឹក ជាកន្លែងដែលពួកវានឹងត្រូវអ្នកនាសាទប្រមាញ់។ កប៉ាល់នេសាទនិមួយៗ តែងប្រើប្រាស់អំពូលភ្លើងដូចខាងលើ ចំនួនដល់ទៅរាប់រយ ហើយពន្លឺដែលកប៉ាល់និមួយៗបញ្ចេញ ក៏អាចឡើងដល់ 300kW” ។

ទាក់ទិននឹងពន្លែនៅលើផែនដី ដែលថតបានពីអវកាស កាលពីពេលកន្លង គេក៏បានដឹងថា ពន្លឺអំពូលភ្លើងនៃបណ្ដាប្រទេស មានសភាពខុសៗគ្នានៅពេលរាត្រី ក្នុងនោះ កូរ៉េខាងជើង ប្រៀបបានទៅនឹងមហាសមុទ្រ មានតែ កោះ តូចៗ
មើលពីអវកាស ពន្លឺដែលចេញពីក្រុមកប៉ាល់នេសាទលើសមុទ្រ អាចស្មើនឹងពន្លឺក្នុងទីក្រុងធំមួយ ប៉ុន្ដែ ប្រសិនគេមើលផ្ទាល់នឹងភ្នែក នៅលើផ្ទៃសមុទ្រនឹងមានសភាពបែបណា? ចម្លើយអាចរកឃើញនៅក្នុងរូបថតទីពីរ ដែលជារូបថតរបស់អ្នកជំនាញខាងសរសេរអត្ថបទ ផ្នែកទេសចរណ៍ម្នាក់៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ huffingtonpost