មានអារម្មណ៍ថាស្ត្រែស មែនទេ? បើតាមគេហទំព័រ huffingtonpost បានអោយដឹងថាមនុស្សយើងដែលមានវ័យចាប់ពី ១៣ ឆ្នាំឡើងទៅចាប់ផ្ដើមមានអាការៈស្រ្តែសធ្ងន់ធ្ងរជាង ប៉ុន្មានឆ្នាំមុនឆ្ងាយណាស់ដែលមនុស្សវ័យចាប់ពី ១៨ ឆ្នាំឡើងទៅទើបចេះស្រ្តែស។គេហទំព័រខាងលើក៏បានបន្ថែមទៀតផងដែរថា មនុស្សដែលនៅក្នុងទ្វីបអាស៊ី និងអាមេរិកខាងជើងមានអត្រាស្រ្តែសប្រហាក់ប្រហែលគ្នាគឺ ៥០ ទៅ ៧០ ភាគរយក្នុងមួយថ្ងៃក្នុងនោះភាគច្រើនជាយុវវ័យដែលរងការស្រ្តែស ពីបរិបទនៃការរស់នៅប្រចាំថ្ងៃដូចជា បញ្ហាសម្ភារៈនិយម និងចិត្តរំអុកជាដើម។បញ្ហាស្រ្តែសគឺជាបញ្ហាគ្រោះថ្នាក់មួយដែលមិនមានថ្នាំព្យាបាលនោះទេ ហេតុនេះហើយអ្នកត្រូវរៀនធ្វើចិត្តអោយសមស្រប ដើម្បីទទួលបាននូវសុខភាពផ្លូវចិត្តល្អ ក្នុងនោះយើងមាន ៣ វិធីមកណែនាំដើម្បីកាត់បន្ថយភាពស្រ្តែស។១. ធ្វើចិត្តអោយទូលាយ កុំធ្ងន់ធ្ងរជាមួយរឿងដែលមិនសំខាន់
ពេលខ្លះប្រសិនបើមនុស្សយើងជាមនុស្សធ្ងន់ធ្ងរ Serious ជាមួយនិងរាល់បញ្ហាពេកនោះវាអាចធ្វើអោយមានបញ្ហាស្រ្តែសបានយ៉ាងងាយ ក្នុងនោះបញ្ហានេះហើយដែលជាចំណុចចំបងដែលធ្វើអោយកើតមានស្រ្តែស។ ដូចនេះហើយរាល់រឿងហេតុគួរណាធ្វើចិត្តអោយត្រជាក់ហើយគិតអោយបានច្បាស់ថាវាជាបញ្ហាដែលសំខាន់ដែរឬទេ ហើយគួរណាធ្ងន់ធ្ងរជាមួយតែបញ្ហាសំខាន់តែមួយទៅបានហើយ។២. គិតលើមូលហេតុដែលបណ្ដាលអោយស្រ្តែស អោយបានល្អិតល្អន់
គួរណាគិតគូរស្វែងរកមូលហេតុចំបងដែលធ្វើអោយអ្នកមិនសប្បាយចិត្ត ឧទាហរណ៍ដូចជាពេលមួយដែលអ្នកមិនសប្បាយចិត្ត អ្នកគួរណាសួរខ្លួនអ្នកថាតើអ្នកមិនសប្បាយចិត្តរឿងអ្វី ហើយគិតអោយបានច្បាស់លាស់ថាតើ វាគឺជារឿងមួយដែលសមហេតុផលឬទេ។៣. ចំណាយពេល ៥ ទៅ ១០ នាទីដើម្បីធ្វើអ្វីមួយដែលគ្មានប្រយោជន៍ តែអ្នកចង់ធ្វើ
នេះគឺជារឿងមួយដែលសំខាន់សម្រាប់អ្នកដែលរវល់ការងារ អ្នកគួរណាចំណាយពេល ៥ ទៅ ១០នាទីក្នុងមួយថ្ងៃដើម្បីអង្គុយលេង ឬគេងលេង ដោយមិនគិតពីអ្វីទាំងអស់ ឬអាចលេងភ្លេង ឬធ្វើអ្វីដែលអ្នកចង់ធ្វើ ហើយយល់ឃើញថាវាធ្វើអោយអ្នកស្ងប់ចិត្ត។ ចំពោះវិធីនេះអាចធ្វើបានមុនចូលគេង។ប្រសិនបើអ្នកអាចបែងចែករាល់បញ្ហាប្រចាំថ្ងៃ កុំអោយច្រឡូកច្រឡំគ្នាហើយ អាចរក្សាតម្លៃជាខ្លូនឯងបាននោះ បន្តិចម្ដងៗ ជីវិតរបស់អ្នកនឹងមានភាពស្រ្តែសកាន់តែតិច៕
ដោយ៖ ម៉ូកាប្រភពពី៖ huffingtonpost