តារាចំរៀង Se7en ដែលយើងបានដឹងថា កំពុងស្ថិតក្នុងកំឡុងពេល បំពេញកាតព្វកិច្ច ជានាយទាហាននោះ ថ្មីៗនេះមានរឿង រកាំរកុះជាច្រើន ដោយសារតែល្មើសច្បាប់ទាហាន ។
កាលពីចុងខែ មិថុនា កន្លងទៅនេះ Se7en រួមជាមួយតារាៗ ៧ នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្នុងកំឡុងពេល បំពេញកាតព្វកិច្ចជានាយទាហាននោះ ត្រូវគេចាប់បានថា លួចចេញពីបន្ទាយដោយគ្មានការអនុញ្ញាត នៅពេលយប់ ដើម្បីចេញទៅរកការសប្បាយ ដែលខុសទៅនឹងច្បាប់ជាទាហាន ។ អ្វីដែលសំខាន់នោះគឺ កន្លែងដែល Se7en និងតារាៗទាំងនោះចូលទៅម៉ាស្សា គឺជាកន្លែងម៉ាស្សា ដែលមានបំរើសេវាកម្មផ្លូវភេទ ដែលធ្វើអោយបញ្ហា កាន់តែតានតឹង ។ថ្មីៗនេះបន្ទាប់ពី តាមដានស៊ើបអង្កេតរួចមក ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានសំរេចដាក់ទោស Se7en និងតារាៗ ៧ នាក់ទៀតដើម្បីព្រមាន ដល់តារាផ្សេងៗទៀត ដែលកំពុងស្ថិតក្នុងនាមជានាយទាហាន កាតព្វកិច្ច ។ Se7en និងតារាម្នាក់ទៀតឈ្មោះ Sangchu ត្រូវបានដាក់ទោស ឃុំខ្លួនក្នុងពន្ធានាគារយោធា រយៈពេល ១០ ថ្ងៃ ពីបទចាកចេញពី បន្ទាយដោយគ្មានការអនុញ្ញាតទៅរកកន្លែងម៉ាស្សា ។ តារា ៤ នាក់ទៀតពិន័យដាក់ពន្ធានាគារយោធា រយៈពេល ៤ ថ្ងៃពីបទលួចលាក់មានទូរស័ព្ទ ។ ចំណែកតារាចុងក្រោយនេះ ត្រូវពិន័យបន្ថែមថ្ងៃហ្វឹកហាត់សាកល្បង ១០ ថ្ងៃព្រោះតែចាកចេញពីបន្ទាយ ទៅមើលកុន ។
ខាងក្រសួងការពារជាតិ កូរ៉េខាងត្បូងនិយាយថា Se7en និង Sangchu មិនត្រូវបានពិន័យធ្ងន់ធ្ងរជាងនេះ ដោយសារតែគេរកឃើញថា ពួកគេទាំង ២ មិនបាន ចូលរួមឬទៅរក សេវាកម្មផ្លូវភេទក្នុងពេលដែលពួកគេ ចេញទៅរកសេវាម៉ាស្សាឡើយ ៕
ដោយ ៖ លីលីប្រភព ៖ allkpop