កំពូលតារាសំដែងប្រុសរបស់ជប៉ុន Yamada Ryosuke ត្រូវបានអ្នកលក់ដូរក្នុងតំបន់ ក្បែរកន្លែងថតកុន ជេរយ៉ាងចាស់ដៃ ខណៈកំពុងថតឈុតឆាកមួយចំនួនរបស់ខ្សែភាពយន្ដ។
តាំងពីព្រឹកនៃថ្ងៃថតកុន ក្រុមផលិតខ្សែភាពយន្ដជប៉ុន បានមកដល់តំបន់ដែលត្រូវថតឈុតឆាកមួយចំនួនរបស់ខ្សែភាពយន្ដថ្មី។ អ្នកគាំទ្រយ៉ាងច្រើន បានប្រមូលផ្ដុំគ្នានៅកន្លែងថតកុននោះ។ កំពូលតារាសំដែងប្រុសរបស់ជប៉ុន Yamada Ryosuke មានឱកាសច្រើនក្នុងការសំដែង បង្ហាញភាពកំប្លែងរបស់ខ្លួន និងនិយាយទៅកាន់ក្រុមអ្នកគាំទ្រ។

ប៉ុន្ដែ មិនយូរប៉ុន្មាន អ្នកលក់នៅក្នុងតំបន់ក្បែរកន្លែងថតកុននោះ បានសំដែងការមិនពេញចិត្ត។ ពួកគេ មានប្រុសមានស្រី ចាប់ផ្ដើមចេញមុខ និងជេរតារាសំដែងរបស់ជប៉ុន។ អ្នកខ្លះ ថែមទាំងជេរ និងចង្អុលមុខក្រុមអ្នកថតកុនជប៉ុនទៀតផង។

នៅពេលក្រុមនគរបាលមកដល់ ក្រុមអ្នកលក់ដែលកំពុងជេរនោះ បាត់មាត់ដូចគេចុក។ ប៉ុន្ដែបន្ទាប់ពីនគរបាលបានចាកចេញ ក្រុមអ្នកលក់ទាំងនោះ ក៏បន្ដជេរថែមទៀត។

រហូតដល់ម៉ោងប្រហែល ២កន្លះ(ម៉ោងក្នុងស្រុក) ទើបក្រុមផលិតខ្សែភាពយន្ដបានបញ្ចប់ការថតរបស់ខ្លួន និងបានចាកចេញយ៉ាងប្រញាប់ប្រញាល់បំផុត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14