តារាស្រីល្បីឈ្មោះរបស់ចិន ដែលត្រូវបានគេស្គាល់ថា ជាអ្នកចូលចិត្ដស៊ីចាយ គឺនាង Zhang Xin Yuបានបោះបង់តារាហុងកុងដោយខ្លួនឯង ធ្វើអោយគូស្នេហ៍មានការភ្ញាក់ផ្អើល និងមិនសប្បាយចិត្ត។/

កាលពីដើមសប្ដាហ៍នេះ អ្នកគ្រប់គ្រងរបស់តារាស្រី Zhang Xin Yu ( 张馨予) បង្ហើបអោយដឹងថា ទំនាក់ទំនងស្នេហារវាងតារាសំដែងស្រី Zhang Xin Yu និងតារាហុងកុង Wu Zhuoxi (Ron Ng) បានបែកបាក់គ្នាដោយស្ងៀមស្ងាត់។ អ្នកគ្រប់គ្រងនេះនិយាយថា ៖ Zhang Xin Yu មិនចង់ឆ្លើយនឹងសំណួរអ្វីទាំងអស់ ដែលទាក់ទងនឹងបញ្ហាមនោសញ្ចេតនារបស់ពួកគេ។

ប្រការនេះ មិនត្រឹមតែធ្វើអោយអ្នកគាំទ្រ ភ្ញាក់ផ្អើលនោះទេ សូម្បីតែ Wu Zhuoxi (Ron Ng) ផ្ទាល់ ក៏ពិបាកទទួលយកបាននោះដែរ នៅពេលរឿងបែកបាក់របស់ខ្លួន ត្រូវបានចុះផ្សាយក្នុងទំព័រសារព័រមាន។

/

តារាសំដែងស្រី Zhang Xin Yu បានទទួលស្គាល់តែឯងថា អ្នកទាំងពីរបានចែកផ្លូវគ្នា ប្រការនេះ បានរុញច្រាន Wu Zhuoxi ​អោយធ្លាក់ទៅក្នុងភាពលំបាក។ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៩ កាក្កដា តារាហុងកុង Wu Zhuoxi មានការស្ទាក់ស្ទើរ នៅពេលត្រូវអ្នកកាសែត សួរពីបញ្ហានៃការបែកបាក់នេះ។ Wu Zhuoxi បានបង្ហើបអោយដឹងថា ខ្លួននៅតែរក្សាទំនាក់ទំនងជាមួយនាង Zhang Xin Yu ប៉ុន្ដែ Wu Zhuoxi  ក៏បានទទួលស្គាល់ដែរថា ៖ បញ្ហាបែកបាក់ ហាក់វាជា រឿងពិត ខ្ញុំមិនមានអ្វីត្រូវនិយាយទេ។ ខ្ញុំក៏ទើបតែដឹង បន្ទាប់ពីការចុះផ្សាយរបស់កាសែត។ ទោះជាបែបនេះ ខ្ញុំក៏សូមអោយនាងរស់នៅបានក្ដីសុខ។ អោយតែនាងមានសុភមង្គល គឺគ្រប់គ្រាន់ទៅហើយសម្រាប់ខ្ញុំ។

/

សូមរំឭកថា តារាហុងកុង Wu Zhuoxi ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយស្រីស្អាត Zhang Xin Yu កាលពីជិត ២ឆ្នាំមុន ប៉ុន្ដែទំនាក់ទំនងនេះ បានធ្វើក្រុមអ្នកគាំទ្រ មិនសប្បាយចិត្ត។ ប្រការនេះ បានបណ្ដាលអោយស្រីស្រស់ Zhang Xin Yu សម្រេចចិត្តបែកផ្លូវ ពី Wu Zhuoxi  ប៉ុន្ដែក្រោយមក ពួកគេក៏ស្រុះស្រួលគ្នាឡើងវិញ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT