Prometheus ជាប្រភេទរឿងវិទ្យាសាស្រ្តថ្មីជាងគេរបស់ Ridley Scott។ ជាការពិត រឿងនេះមិនមានការប្រយុទ្ធឬរឿងរន្ធត់នោះទេ (បើមាន ក៏មានតិចតូចតែប៉ុណ្ណោះ)។ ប៉ុន្ដែវាប្រកបដោយភាពអស្ចារ្យ។

ឈ្មោះរបស់ខ្សែភាពយន្ដនេះ ត្រូវបានគេយកតាមឈ្មោះ ព្រះ Prometheus ក្នុងរឿងព្រេងរបស់ក្រិក នៅពេលព្រះមួយអង្គនេះ ត្រូវបានព្រះ Zeus ផ្តន្ទាទោស ដោយសារហ៊ានយកភ្លើង នៅលើកំពូលភ្នំ Olympus មកអោយមនុស្ស។
តាមរយៈរឿងនេះ Scott ចង់និយាយពីការប្រើប្រាស់ខុសរបស់មនុស្សចំពោះបច្ចេកទេសទំនើប។ រឿងរ៉ៅ កើតឡើងនៅឆ្នាំ ២០៩៤ អាវកាសចរបានរកឃើញរូងភ្នំដែលមានរូបចម្លាក់ បង្ហាញអោយ ឃើញថា មានស្លាកស្នាមរបស់មនុស្សក្រៅភពនៅទីនេះ។ គេបានឡើងអាវកាសយាន “Prometheus” ដើម្បីទៅតាមស្លាកស្នាមមនុស្សក្រៅភពនោះ តែដំណើរគោចរកាន់តែវែងឆ្ងាយ ស្ថានភាពកាន់តែអាក្រក់។ Ridley Scott បានបង្ហើបឲ្យដឹងថា ខ្សែភាពយន្ដនេះ គឺមានការបង្ហើបពីសំនួរដែលមិនទាន់មានចម្លើយនៅក្នុងខ្សែភាពយន្ដមុន ដែលទាក់ទឹននឹង Alien ដែលត្រូវបានបញ្ចាំងលើកដំដូង កាលពីឆ្នាំ ១៩៧៩ គឺរឿង បីសាចក្រៅលោក មកពីណា?

ខ្សែភាពយន្ដ Prometheus បង្ហាញពីភាពអស្ចារ្យនៃបច្ចេកវិទ្យាអាវកាសដែលមនុស្សបាន និងកំពុងប្រើប្រាស់។ ការគួបផ្សំយ៉ាងប៉ិនប្រសប់រវាងកត្តាទាំង ៣ គឺ វិចិត្រសិល្ប ការស្រមៃ និង បច្ចេកវិទ្យាទំនើប បានធ្វើអោយសាច់រឿង កាន់តែអស្ចារ្យថែមទៀត។
សាច់រឿងរបស់ Prometheus បានបង្ហាញពីភាពអស្ចារ្យតាំងពីដើមរហូតដល់ទីបញ្ចប់ ដែលធ្វើអោយទស្សនិកជន មានការភ្ញាក់ផ្អើល ម្ដងហើយ ម្ដងទៀត។
Prometheus មានបង្កប់ទស្សនវិទ្យា សាសនា ដែលធ្វើអោយទស្សនិកជនត្រូវពិចារណា និងគិតថា តើមនុស្សយើងមកពីទីណា? តើនៅពេលស្លាប់ មនុស្សនឹងទៅកាន់ទីណា? ។ល។
ដោយ៖ មិនា