ភ្នំពេញៈ តារាសម្តែង កំពុងតែមានឈ្មោះ បោះសំឡេងខ្លាំង តាមរយៈរឿង “WHY?” កញ្ញា ឌី សូនីតា បានបង្ហើបឲ្យដឹងថា ក្រៅពីការងារសិល្បៈ នាពេលបច្ចុប្បន្ននេះ នាងមានមហិច្ឆតា ចង់ស្រវ៉ាយកអាជីពថ្មី មួយទៀត គឺជាតារាចម្រៀងជ្រក ក្នុងផលិតកម្មល្បី ណាមួយ ។មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងរូបស្រស់ កញ្ញា ឌី សូនីតា ហាក់ជោគជ័យ លើអាជីពសម្តែងខ្លាំង ដោយបានទទួលតំណែង តួឯកស្រីជាបន្តបន្ទាប់។ ប៉ុន្តែទន្ទឹមនឹងនោះ នាងក៏បាន បង្ហាញមហិច្ឆតាថ្មីៗមួយទៀត ចង់ស្រវ៉ាអាជីព ជាតារាចម្រៀងបន្ថែម លើអាជីពចាស់ ។តារាស្រីពោរពេញ ដោយភាពក្រមិចក្រមើម ឌី សូនីតា បានបង្ហើបឲ្យដឹង នៅក្នុងកម្មវិធីមួយ នៅលើកញ្ចក់ទូរទស្សន៍ កាលពីពេលកន្លងទៅថ្មីៗថា បើទោះជាពេលនេះ ការសម្តែងរបស់នាង មានភាពមមាញឹក និងទទួលបាន ជោគជ័យខ្លាំង គួរឲ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែនាងនៅមានមហិច្ឆតា មួយទៀត ដែលវាជាក្តីស្រមៃរបស់នាង តាំងពីកុមារភាពមកម្ល៉េះ ។តារាស្រីវ័យជាង២០ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “តាមពិតទៅ ដំបូងឡើយ ខ្ញុំមានបំណងចង់ក្លាយជា តារាចម្រៀង តាំងពីតូចមក ដោយខ្ញុំខំប្រឹងពង្រឹង សមត្ថភាព លើវិស័យនេះ តាំងពីតូចមកម្ល៉េះ ម្យ៉ាងទៀតការក្លាយជា តារាចម្រៀងនេះ វាក៏ជាក្តីស្រមៃរបស់ឪពុកខ្ញុំដែរ ។ ហេតុដូចនេះ កន្លងមក ខ្ញុំបានព្យាយាមហាត់ច្រៀង បទចម្រៀងជាច្រើន ទាំងបទចម្រៀងជាតិ និងអន្តរជាតិ ។ ខ្ញុំរំពឹងថាថ្ងៃណាមួយ ខ្ញុំអាចនឹងធ្វើឲ្យខ្លួនក្លាយ ជាតារាចម្រៀងមួយដួងដែល មានឈ្មោះល្បី ដូចការសម្តែងអ៊ីចឹង ” ។តួឯកស្រីក្នុងរឿង “WHY?” រូបនេះ បានប្រាប់ឲ្យដឹងថា បើសិនជាមានឱកាស នាងមានបំណងចង់ចាប់ យកការច្រៀងមួយទៀត ហើយនាងចង់ ធ្វើឲ្យការងារមួយនេះ ទទួលបានការគាំទ្រ និងជោគជ័យដូចការ សម្តែង ហើយនៅក្នុងនោះ នាងក៏សង្ឃឹមថា អាចក្លាយជាតារាចម្រៀងល្បី ដោយច្រៀងឲ្យខាងផលិតកម្មណាមួយ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល