Psy ល្បីណាស់ជាមួយនឹងបទចម្រៀង GangNam Style របស់គេដែលបណ្ដាលអោយមានការរំជើបរំជួលជាខ្លាំងទូទាំងពិភពសិល្បះទូទៅ តែលោកអ្នកដែលចង់ដឹងពីប្រវត្តិរបស់តារាចម្រៀងម្នាក់នេះដែរឬទេ? ថ្ងៃនេះ Camnews សូមសង្ខេបប្រវត្តិរបស់តារារូបនេះជូនលោកអ្នកមិត្តអ្នកអានទាំងអស់គ្នា។
ឈ្មោះពិតរបស់ Psy គឺ Park Jae-sang ដែលត្រូវបានគេស្គាល់ថាជា តារាចម្រៀង Rap ផងជាអ្នកតែងនិពន្ធបទចម្រៀង និងបទភ្លេងផង ជាអ្នករាំ និងគ្រូបង្រៀនរាំផង ហើយថែមទាំងជាអ្នកដឹកនាំការសម្ដែងម្នាក់ផងដែរ។ តារារូបនេះបើគិតមកដល់ឆ្នាំ ២០១២ នេះគឹមានអាយុ ៣៥ឆ្នាំហើយ ដែលគេបានកើតនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ១៩៧៧ នៅសង្កាត់ GangNam ទីក្រុង Seoulសាធារណរដ្ឋកូរ៉េ។
Psy និង HyunA
Park Jae-Sang មានប្រវត្តិសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ដែលធ្លាប់បានសិក្សា ថា្នក់បឋមសិក្សានិងអនុវិទ្យាល័នៅសាលា Banpo សិក្សាបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលា Sehwa ហើយបានទៅបន្តការសិក្សាថ្នាក់ឧត្តមនៅសាលវិទ្យាល័យ Boston University និង Berklee College ofMusic ទៀតផង ដែលសរុបមក តារារូបនេះពិតជាសាកសមជាអ្នកមានចំណេះដឹងពិតប្រាកដមែន។
ចំពោះជីវិតឯកជនវិញតារារូបនេះបានរៀបការជាមួយមិត្តស្រីរបស់ខ្លួនគឺ Yoo Hye Yeon ក្រោយពេលស្រលាញ់គ្នាបានជាង ៦ ខែដែលពួកគេបានរៀបការនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៦ ដែលមកដល់ពេលនេះគេទាំង ២ មានកូនស្រី ២ នាក់ជាកូនភ្លោះ។
Psy និង ភរិយា ដែលរៀបការកាលពីឆ្នាំ ២០០៦ ក្នុងវ័យ ២៩ ឆ្នាំ
អាជីពរបស់គេជាអ្នកចម្រៀងត្រូវបានរះឡើងក្នុងខែមករា ឆ្នាំ ២០០១ ជាលើកទី ១ ដែលគេបានចេញផ្សាយអាល់ប៊ុមដំបូងរបស់គេ ប៉ុន្តែពេលនោះគឺមិនទាន់មានផលិតកម្មនោះទេ គឺផលិតលក់ជាលក្ខណៈបុគ្គលឯកជន រហូតដល់ឆ្នាំ ២០១០ ទើបតារារូបនេះមានមុខនៅ YG Entertainmentជាផលិតកម្មធំមួយ ក្នុងចំណោមផលិតកម្មធំៗទាំង ៣ របស់ កូរ៉េ។ Psy អវត្ថមានពីសិល្បះចំនួនជាង ២ ឆ្នាំក្នុងអំឡុង ២០០៣ ដល់ ២០០៥ ដោយសារគេជាប់រវល់បំពេញកាតព្វកិច្ចយោធា តែទោះជាយ៉ាងណា គេក៏នៅតែមិនដាច់អាល័យពីសិល្បះដែល ហើយមកដល់ពេលនេះ Psy បានចេញផ្សាយអាលប៊ុមចម្រៀងសរុបគឺ ៦ អាល់ប៊ុមមកហើយ។
អាលប៊ុមទាំង ៦ របស់ Psy មានដូចជា៖- PSY from the PSYcho World! (2001)- Sa 2/Adult only (2002)- 3 PSY (2002)- Sa Jib (Sa House) (2006)- PSY Five (2010)- PSY's Best 6th Part 1 (2012)បទចម្រៀងដែលល្បីបំផុតរបស់ Psy គឺ GangNam Style ដែលទទួលបានប្រជាប្រិយភាពទូទាំងពិភពលោក ដែលបទចម្រៀងនេះត្រូវបានចេញផ្សាយក្នុងអាល់ប៊ុមទី ៦ របស់គេកាលពីថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១២ ហើយទទួលបានការចួលទស្សនាលើ Youtube ច្រើនជាង ៣៣០លានដង និងទទួលបានការចុច Like ច្រើនជាង ៣.២ លានសម្លេង បើគិតមកដល់ថ្ងៃទី ១ តុលានេះ ហើយបានបំបែកឯកទ្តកម្មពិភពលោកជាបទចម្រៀងមានអ្នកមើលលើ Youtube ច្រើនជាងគេបំផុតក្នុងរយៈពេលកំណត់ ៣ ខែ និងជាវីដេអូដែលមានការចុច Like គាំទ្រច្រើនជាគេបំផុតលើ Youtube ខណៈដែលបទចម្រៀង Baby របស់ Justin Bieber នៅគ្រងពានជាបទចម្រៀងដែលមានគេស្អប់ច្រើនជាងគេបំផុតលើ Youtube។
អាជីពជាអ្នកចម្រៀងរបស់គេក៏ទទួលបានពានរង្វាន់ជាច្រើនផងដែរ ដែលចាប់ផ្ដើមទទួលពានលើកទី ១ ចាប់ពីឆ្នាំ ២០០២ មក ហើយចំពោះបទចម្រៀង GangNam Style ក្នុងឆ្នាំ ២០១២ នេះក៏បានដាក់ចួលរួមប្រគួតជា Best Video ក្នុងកម្មវិធី MTV EMA ផងដែរ៕
ដោយ៖ ម៉ូកា