ជីវិតរស់នៅក្នុងនាមជាអ្នកគ្រប់គ្រងប្រទេសផ្ដាច់ការនិយមបែបគ្រួសារ (Dictatorship) នឹងត្រូវបានផ្លាស់ប្ដូរដោយពោរពេញទៅដោយសំណើចក្នុងខ្សែភាពយន្តរឿង The Dictator។
នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿងលោក Larry Charles ចូលរួមសហការផលិតដោយ Sa-cha Baron Cohen, Alec Berg, David Mandel, Jeff Schaffer, Scott Rudin និង Dan Maze។ សម្ដែងដោយកំពូលតារាភាពយន្តកំប្លែង Sacha Baron Cohen និងតារាល្បីៗដូចជា Anna Faris, Jason Mantzoukas, Ben Kingsley ក៏ដូចជាមានការចូលរូមពីតារាសម្ដែងល្បីៗជាច្រើនរូបទៀត។
ខ្សែភាពយន្តនេះនិយាយពីដំណើរនៃការរស់នៅរបស់មេដឹកនាំប្រទេសដែលកាន់របស់ផ្ដាច់ការគឺសាធារណៈរដ្ឋ Wadiya ដែលដឹកនាំដោយលោកឧត្តមសេនីយ Aladeen ដែលសម្ដែងដោយកំពូលតារាសម្ដែងរឿងបែបកំប្លែង Sacha B. Cohen។ មេដឹកនាំសាធារណៈរដ្ឋរូបនេះបានបន្តកាន់កាប់អំណាចពីឪពុករបស់ខ្លួន ហើយមានមហិចតាចង់បានអាវុធប្រល័យលោកដោយសារតែច្រណែននឹងមិត្តភ័ក្ររបស់ខ្លួនដូចជាមេដឹកនាំអ៊ីរ៉ង កូរ៉េខាងជើង និងចិន ដែលពួកគេសុទ្ធសឹងតែមានអាវុធប្រល័យលោកទាំងអស់។ តែដោយសារតែសហរដ្ឋអាមេរិក និងប្រទេសក្នុងបណ្ដាសមាជិកក្នុងអង្កការសហប្រជាជាតិបានស្នើរសុំអោយមានការស៊ើបអង្កេតពីគំរោងអាវុធប្រល័យលោកនេះទើបមេដឹកនាំផ្ដាច់ការរូបនេះត្រូវមកបង្ហាញខ្លួនដើម្បីដោះសារពីការពិតនៅទីក្រុង New York តែសំណាងមិនល្អគេត្រូវបានក្បត់ដោយមនុស្សជំនិតរបស់ខ្លួនដោយបានចាប់ Aladeen កោរពុកចង្ការចេញបានជំនួសដោយមនុស្សក្លែងបន្លំដើម្បីប្រកាសប្រទេស Wadiya ជាប្រទេសប្រជាធិបតយ្យ ហើយខ្លួននឹងបានគ្រប់គ្រងការលក់ប្រេងឆៅរបស់ប្រទេស។ ឧត្តមសេនីយ Aladeen នឹងធ្វើគ្រប់យ៉ាងដើម្បីការពារអំណាចផ្ដាច់ការរបស់ខ្លួនជាពិសេសគឺមិនអោយខុសបណ្ដាំឪពុកដែលផ្ដាំថាមិនអោយលក់ប្រេងទៅអោយបរទេសនោះឡើយ។
ខ្សែភាពយន្តនេះពោរពេញទៅដោយទស្សនីយភាពកំប្លែងសើចចុកពោះព្រោះគ្រប់ឈុតគ្រប់ឆាកសុទ្ធសឹងតែបង្កប់នូវអត្ថន័យកំប្លែងទាំងពាក្យសម្ដី និងកាយវិការ។ ហើយខ្សែភាពយន្តនេះបានទទួលការគាំទ្រដោយរកបានចំណូល ១៧ លានដុល្លាកន្លះ ត្រឹមរយៈពេល ១ សប្ដាហ៍ដំបូងនៃការចាក់បញ្ចាំង។ ហើយកាលពីរាត្រីថ្ងៃទី ២ កក្កដា ម្សិលមិញនេះមានការចាក់បញ្ចាំជាលើក ១ នៃខ្សែភាពយន្តរឿង The Dictator នៅរោងភាពយន្ត Legend Cinema ដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តជាយុវវ័យជាច្រើនកុះករ។
ជាមួយគ្នានេះផងដែរដោយសារតែរឿងនេះជារឿងដែលឋិតក្នុងកម្រិត Rated R ដែលមានលាយជាមួយនឹងពាក្យអសុរសក៏ដូចជាឈុតឆាកមិនសមរម្យ គឺតម្រូវអោយអ្នកដែលចង់ទស្សនាត្រូវមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ។ ហើយខ្សែភាពយន្តរឿង The Dictator នឹងមានចាក់បញ្ចាំងជាសាធារណៈនៅរោងភាពយន្ត Legend Cinema ផ្សារទំនើប CityMall ជាន់ទី ៣ និងរោងភាពយន្ត The CinePlex ផ្សារទំនើបសូរីយាជាន់ទី ៥ ចាប់ពីថ្ងៃទី ៥ កក្កដានេះតទៅ៕
ដោយ៖ ម៉ូកា