ភ្នំពេញៈ រោងភាពយន្ត ផ្លាតទីនៀម ស៊ីនេផ្លិច “Platinum Cineplex” កាលពីម្សិលម៉ិញ បានចាប់ផ្តើម ចាក់បញ្ចាំង រឿង “ទេវតាធ្លាក់ពីលើមេឃ” របស់ផលិតកម្ម JD Productionហើយ ដើម្បីបំពេញតម្រូវការ ទស្សនិកជន ជាពិសេសយុវវ័យ កម្ពុជា ដែលចូលចិត្ត ទស្សនា រឿងកំប្លុកកំប្លែង។

រឿងថ្មី ដែលមានតួរសំខាន់ជា នាយក្រឹម និងឌីជេ ក្តិប នេះអាចនឹង ក្លាយជារឿងកំប្លែង ប្រជាប្រិយមួយទៀត ដែលត្រូវ បានលោក លៀក លីដា អ្នកដឹកនាំរឿង ផលិតកម្ម JD Production រំពឹងថា នឹងទទួលបាន ការគាំទ្រ មិនចាញ់រឿង អាបពាក់មួកសុវត្ថិភាព ប៉ុន្មានដែរ ។ លោកបាន មានប្រសាសន៍ថា រឿង “ទេវតាធ្លាក់ពីលើមេឃ” នឹងត្រូវបាន ចាក់បញ្ចាំង ព្រមគ្នា នៅរោងភាពយន្តចំនួន៣ រួមមាន Platinum Cineplex , Legend និង រោងភាពយន្ត លុច្ស ។

លោក សៅ សុខនី នាយករោងភាពយន្ត ផ្លាតទីនៀម ស៊ីនេផ្លិច ធ្លាប់បានឱ្យដឹងថា សម្រាប់ ឆ្នាំ២០១៣នេះ រោងភាពយន្ត របស់លោក មានគម្រោង ចាក់បញ្ចាំង រឿងខ្មែរឱ្យបានច្រើន ដើម្បីបំពេញតម្រូវការ អ្នកគាំទ្រ ។

លោកថា ភាពយន្តបែបកំប្លុកកំប្លែង នាពេលនេះ កំពុងទទួលបាន ការគាំទ្រ យ៉ាងខ្លាំងពី ទស្សនិកជនខ្មែរ ជាពិសេសយុវវ័យ។ លោកថា ក្នុង១ឆ្នាំៗ ផ្លាតទីនៀម ស៊ីនេផ្លិច បានចាក់បញ្ចាំងភាពយន្ត ចម្រុះប្រមាណ ៥២រឿង ហើយក្នុងនោះមានរឿងខ្មែរប្រមាណ ៣០ភាគរយផងដែរ៕

Photo

Photo

Photo

Photo

Photo

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល