ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស អោយដឹងថា បុរសម្នាក់ មានឈ្មោះ Yang Changsheng វ័យ ៦៨ ឆ្នាំជាពលរដ្ឋមកពីតំបន់ស្វ័យយ័ត Xinjiang Uygur ប្រទេសចិន បានចាប់ផ្តើមចិញ្ចឹមសត្វកំណាចស៊ីសាច់ជាអាហារ ពោលគឺ សត្វឆ្កែចចក កាលពី ៦ ឆ្នាំមុន តែគ្មាននរណាម្នាក់ បានយល់ស្របនឹងយោបល់របស់គាត់នោះទេ។

ក៏ប៉ុន្តែ លោក Yang បានចាប់ផ្តើមចូលចិត្ត និងស្រឡាញ់សត្វប្រភេទនេះ នៅពេលដែលគាត់បានទៅលេងផ្ទះមិត្តភក្កិរបស់គាត់ដែលមានកូនចចកតូច កាលពីឆ្នាំ ២០០៧ ។ នាពេលនោះ មិត្តភក្កិរបស់គាត់ ក៏បានអោយកូនចចកតូច មកគាត់ចិញ្ចឹមតែម្តង ។ លុះក្រោយមក គាត់ក៏បានចូលចិត្ត និង ស្រឡាញ់សត្វប្រភេទនេះ រហូតដល់បច្ចុប្បន្ន តែអ្វីដែលធ្វើអោយមានភាពភ្ញាក់ផ្អើល នោះគឺថា គាត់មានឆ្កែចចកដល់ទៅ ៨០ ក្បាល ឯណោះ។

គាត់បានគូសបញ្ជាក់អោយដឹងថា តាមពិតទៅ ឆ្កែចចកវាពិតជាឆ្លាត និងមានភក្តីភាពបើសិនណាយើងមានការយកចិត្តទុកដាក់ចិញ្ចឹមវាបានយ៉ាងល្អនោះ ។ គួររំឭកផងដែរថា កាលពីអំឡុងឆ្នាំ ២០០៨ ដោយហេតុតែលោក បានចិញ្ចឹមឆ្កែចចកដល់ទៅ ៨០ ក្បាល នៅលើផ្ទៃដីជាង ២០ ហិចតានោះ លោក Yang ក៏បានដាក់ពាក្យស្នើសុំសិទ្ធស្របច្បាប់ក្នុងការចិញ្ចឹមសត្វទាំងនេះ។

បច្ចុប្បន្ននេះ ផ្ទៃដីកសិដ្ឋាន ក៏ដូចជា កន្លែងដែលលោកបានចិញ្ចឹមឆ្កែចចកទាំងនេះបានក្លាយជាមូលដ្ឋាន ចិញ្ចឹមឆ្កែចចកដ៏ធំជាងគេ នៅក្នុងប្រទេសចិន ខណៈពេលដែលលោក Yang បានបង្កើតនូវរមណីយដ្ឋានលំហែរកាយ សិប្បនិម្មិតមួយផងដែរ ពោល គឺជាទីកន្លែងដែលក្រុមមនុស្ស ក៏ដូចជាភ្ញៀវទេសចរ អាចមកទស្សនាកំសាន្តឆ្កែចចកទាំងនេះបាន ក៏ដូចជាជាវ រោម ធ្មេញ និងរូបសំណាកឆ្កែចចកបានផងដែរ៕


ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily