ប៉ុន្មានថ្ងៃទៀតនេះ កំពូលតារាសម្តែងដែលចូលចិត្តសម្ញែងសម្រស់ដើមទ្រូងសិចស៊ី កុល ដាវី នឹងឡើងយន្តហោះ ឆ្លងសមុទ្រទៅកាន់ប្រទេសកាណាដាដើម្បីសម្តែង និងបង្អួតសម្រស់ជូនអាណិកជនខ្មែរ ដែលរស់នៅក្នុងទឹកដីកាណាដាបានឃើញដោយផ្ទាល់ជាលើកដំបូង សម្រាប់ទីផ្សារសិល្បៈក្រៅស្រុក ខណៈដែលខ្លួនបានចូលប្រឡូកក្នុងសង្វៀនសិល្បៈជិតមួយទសវត្សរ៍ទៅហើយ។
កញ្ញា កុល ដាវី
ជិត ១០ ឆ្នាំដែល កុល ដាវី តារាសិចស៊ី អមជាមួយទេពកោសល្យសិល្បៈសម្តែងយ៉ាងប៉ិនប្រសប់ខាងកាចឆ្នាស់ ឆ្នើមចេញពីកាស៊ីណូច្រកអន្តរជាតិប៉ោយប៉ែត បន្សាត់ខ្លួនមកប្រកួតប្រជែងទេពកោសល្យសិល្បៈ លើដីក្រុងស៊ីវីល័យនៅភ្នំពេញ ។ តែនាងក៏មិនដែលទទួលបានឱកាសចេញទៅសម្តែងនៅក្រៅប្រទេសម្តងណាឡើយ ទើបតែឆ្នាំ២០១២នេះ។
នាងបញ្ជាក់ថា៖ «ដំណើរឡើងយន្តហោះទៅសម្តែងនៅប្រទេសកាណាដា នៅខែតុលាខាងមុខនេះគឺជាលើកទីមួយហើយក្នុងឆាកជីវិតរបស់ខ្ញុំ តាំងពីដើរលើវិថីសិល្បៈសម្តែង រយៈពេលជិត១០ ឆ្នាំនេះ»។ នាងបានឲ្យដឹងដែរថា៖«ឱកាសចេញទៅសម្តែងនេះ តាមរយៈសមាគមខ្មែរ នៅកាណាដា ជាអ្នកធានាទៅ ដោយរួមដំណើរជាមួយ កញ្ញា ឆៃលី ដាឡែន ក្នុងរយៈពេល ២ ខែកន្លះដើម្បី រកប្រាក់មកជួយកុមារកំព្រានៅកម្ពុជា» នេះគឺជាកម្មភាពជួយសង្គមមួយដ៏ល្អ ដែលតារាជាច្រើនកំពុងតែសកម្មក្នុងការជួយក្មេងកំព្រានេះ។
កញ្ញា ឆៃ លីដាឡែន
អ្នកសិល្បៈវ័យ ២៧ឆ្នាំ រូបនេះ បានលើកឡើងថា ដំណើរចេញទៅសម្តែងនៅក្នុងប្រទេសកាណាដានេះ ជាការសម្រេចជាថ្មីរបស់នាង បន្ទាប់ពីកន្លងមកនាងបានធ្វើការបដិសេធក្នុងការចេញទៅសម្តែងនៅ ឯក្រៅប្រទេស ជាច្រើនលើក ច្រើនសានោះ។កុល ដាវី ក៏បានលើកឡើងឲ្យដឹងថា៖«ដ្បិតថា ខ្ញុំជាតារាសម្តែងនិងជាពិធីការិនី មិនធ្លាប់បកស្រាយបទចម្រៀង ប៉ុន្តែក្រោយពីខ្ញុំសម្ភាសជាប់បានចេញទៅសម្តែងនៅប្រទេសកាណាដានោះមក ខ្ញុំបានខិតខំហ្វឹកហាត់ច្រៀង ដោយយកចិត្តទុកដាក់បំផុត រហូតដល់ជួលគ្រូមកបង្ហាត់ច្រៀងដល់ផ្ទះទៀតផង»។
គ្រប់គ្នាដឹងថាកាលពីប៉ុន្មានខែមកនេះកញ្ញា ឆៃ លីដាឡែន បានទទួលរងការរិះគន់យ៉ាងដំណំដោយសាការតែងខ្លួនសិចស៊ីជ្រុលលើវេទីការសម្ដែងនៅឯនាយសមុទ្ទ តែសម្រាប់កញ្ញា កុលដាវី វិញប្រកាសពីជំហរថែរក្សាវប្បធម៌របស់ជាតិខ្លួនយ៉ាងមាំទាំថា៖ «ខ្ញុំក៏ដឹងដែរថា បងប្អូនខ្មែរនៅក្រៅប្រទេសទាមទារណាស់នូវអ្វីដែលជាប្រពៃណី វប្បធម៌ដើមរបស់ជាតិខ្លួន ហើយបើខ្ញុំយកភាពសិចស៊ី និងសិល្បៈបែបអឺរ៉ុបទៅសម្តែងដដែលនោះពួកគាត់ក៏នឹងមិនគាំទ្រពួក ខ្ញុំដែរ ត្រង់ហ្នឹងខ្ញុំត្រូវដឹងមុនថា គាត់ត្រូវការអ្វី ខ្ញុំបានត្រៀមរួចស្រេចយកសិល្បៈបែបបុរាណទៅសម្តែងឲ្យពួកគាត់ បានទស្សនា និងបានរីករាយជាមួយគ្នាតែម្តង»។ជាមួយគ្នានេះផងដែរក្រុមរបស់លោក អាឡិច ចាន់ត្រា និងកញ្ញា ឪក សុគន្ធកញ្ញា នឹងធ្វើការចេញដំណើរទៅសម្ដែងនៅប្រទេសកាណាដា នាចុងខែកញ្ញានេះផងដែរ រង់ចាំមើលថាតើអាឡិច ចាន់ត្រា អាចមានឳកាសជួបជាមួយ គូស្នេហ៍ចាស់ ឆៃ លីដាឡែន ដែរឬទេ៕
ដោយ៖ ម៉ូកាសម្រួលអត្ថបទពី៖ Postkhmer