សវនាការទាក់ទិននឹងរឿងក្ដីរវាង Selena Gomez និងក្រុមហ៊ុនផលិតទឹកអប់ Adrenalina បានត្រូវលុបចោល ដោយតុលាការ Los Angeles ។ ប៉ុន្ដែ ករណីនេះ ត្រូវបានគេយល់ថានឹងត្រូវបញ្ចប់ដោយ Selena Gomez ត្រូវខាតបង់ប្រាក់ រាប់លានដុល្លារអាមេរិក។

កំពូលតារាចម្រៀងស្រីស្រស់រូបស្អាត អាយុ ២០ឆ្នាំ Selena Gomez ត្រូវបានក្រុមហ៊ុន Adrenalina ដែលមានទីស្នាក់ការធំនៅ Florida ដាក់ពាក់ពាក្យប្ដឹង កាលពីខែឧសភា កន្លងទៅ ដោយពួកគេបានចោទថា នាងបានធ្វើឱ្យខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក ក្នុងគម្រោងផលិតស្រឡាយទឹកអប់ថ្មី ដែលមានឈ្មោះថា Selena ។ ជាក់ស្ដែង ក្រុមហ៊ុននេះ បានចំណាយប្រាក់ ២លានដុល្លារសម្រាប់ប្រព័ន្ធផលិត និងផ្សាយពាណិជ្ជកម្ម។ ចំណែក Selena ក៏បានយល់ព្រមធ្វើជាអ្នកតំណាងរបស់ផលិតផលនេះ នាឆ្នាំ ២០១១ ។បច្ចុប្បន្ន ក្រុមហ៊ុននេះ បានផ្អាកដំណើរការ ហើយបានចោទប្រកាន់ថា Selena មិនបានគោរពទៅតាមកិច្ចសន្យាក្នុងការឃោសនាផលិតផលនេះ។ នាងបានបដិសេធ ការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នានានៅ Macy, Miami ក៏ដូចជាដំណើឃោសនានៅ Mexico ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺថា អ្នកគ្រប់គ្រង និង Selena បានផ្ញើលិខិតមួយច្បាប់ឱ្យដឹងថា Selena នឹងបញ្ចប់កិច្ចសន្យានេះ ក្នុងរយៈពេល ៣០ថ្ងៃ។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យមានការខាតបង់បន្ទាប់នោះ។ ក្រុមហ៊ុន Victory International ក៏បានស្នើឱ្យ Selena បង់ប្រាក់សំណង ១,២លានដុល្លារ ដោយសារតែពួកគេក៏បានសហការណ៍វិនិយោគជាមួយ Selena ។ភាគីខាង Selena បានទាត់ចោលនូវព័ត៌មាននេះ និងបានអះអាងថា នាងបានដកខ្លួនពីកិច្ចសន្យានេះ គឺព្រោះតែក្រុមហ៊ុន Adrenalina បានជំពាក់ប្រាក់នាង ដល់ទៅ ៥,២លានដុល្លារ និងមិនបានទូទាត់សងដល់នាង។ ក្រុមហ៊ុន Adrenalina មុននេះ បានចុះកិច្ចសន្យាថានឹងផ្ដល់ប្រាក់ឱ្យ Selena ចំនួន ៥% នៃប្រាក់ចំណូលបានមកពីការលក់ទឹកអប់ដែលមានឈ្មោះនាង ហើយទឹកប្រាក់នោះ បានកើនដល់ ៥,២លានដុល្លារអាមេរិក។

ប្រភពពីទំព័រ TMZ ឱ្យដឹងថា Selena នឹងប្ដឹងប្រឆាំងតបទៅនឹងក្រុមហ៊ុន Adrenalina វិញ ដោយនឹងចោទក្រុមហ៊ុននេះថា បានកិបកេងប្រាក់របស់នាង។ ប៉ុន្ដែ បើទោះជាចុងបញ្ចប់ តុលាការសម្រេចបែបណាក្ដី Selena ក៏នៅតែត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីឡើងតុលាការ។
ដោយ ៖ តារាប្រភព ៖ TMZ/Dailymail