ថ្ងៃនេះយើងខ្ញុំសូមណែនាំខ្សែភាពយន្តថ្មីមួយអោយអ្នកទាំងអស់គ្នាបានស្គាល់ ពិសេសស្រីៗមុខជាពេញចិត្តមិនខាន នោះគឺជាខ្សែភាពយន្តវគ្គចុងក្រោយនៃស៊េរី Twilight គឺ The Twilight Saga: Brea-king Dawn Part 2។
ស៊េរីភាពយន្ត Twilight លោកអ្នកមួយចំនួនប្រហែលជាធ្លាប់បានទស្សនារួចមកហើយដែលជារឿងរៀបរាប់អំពីដំណើរស្នេហារបស់មនុស្សធម្មតា ខ្មោចជញ្ជក់ឈាម និងមនុស្សចចក ដែលតាំងពីដើមមកគេបានពុះពារគ្រប់បែបយ៉ាងដើម្បីស្នេហារបស់គេ។
ខ្សែភាពយន្តនេះត្រូវបានដឹកនាំការសម្ដែងដោយ Bill Condon ចូលរួមសម្ដែងដោយកំពូលតារាស្រីប្រចាំ Hollywood គឺនាង Kristen Stewart, Robert Pattinson, Taylor Lautner និងមានតារាជាច្រើនរូបទៀត។
ខ្សែភាពយន្ត The Twilight Saga: Breaking Dawn Part 2 នេះគឺជាភាពយន្តចុងក្រោយក្នុងស៊េរីរឿងTwilight ដែលនាង Bella Swan បានប្រសូតបានកូនស្រីមួយរូប ដែលនាងមានផ្ទៃពោះជាមួយនឹងEdward Cullen នៅពេលដែលនាងនៅជាមនុស្ស ដូចនេះកូនស្រីរូបនេះគឺជាមនុស្សពាក់កណ្ដាលនិងជាខ្មោចជញ្ជក់ឈាមពាក់កណ្ដាល។ តែជាមួយនិងកូនស្រីរបស់នាង Bella ត្រូវជួបជាមួយសត្រូថ្មី គឺជាអ្នកកាន់ច្បាប់របស់សម្ព័នខ្មោចជញ្ជក់ឈាម។ គេត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូនស្រីរបស់គេ ហើយគេបានស្វែងរកមិត្តភ័ក្រដែលអាចទុកចិត្តបានដើម្បីត្រៀមខ្លួនក្នុងការប្រយុទ្ធការពារក្មេងស្រីមួយនេះ។
ខ្សែភាពយន្តនេះមិនសំដៅដល់ការដណ្ដើមស្នេហាគ្នារវាង Edward និង Jacob ដូចរឿងមុនៗនោះទេសាច់រឿងនេះគឺគេចង់និយាយពីការ ការពារកូនដែលជាកែវភ្នែករបស់ឪពុកម្ដាយ ហើយក៏មានឈុតឆាកវាយប្រហារគ្នា ដោយអភិនិហារផ្សេងៗផងដែរ។ ខ្សែភាពយន្តនេះចំណាយប្រាក់ក្នុងការផលិតអស់ជាង ១២០ លានដុល្លា និងរកចំណូលបានមកវិញចំនួនជាង ៣៤០ លានដុល្លាក្នុងការចាក់បញ្ចាំងទូទាំងពិភពលោក។
ហើយអ្វីដែលគួរអោយរីករាយនោះគឺគូស្នេហ៍ Robert Pattinson និង Kristen Stewart ក៏បានជានាគ្នាវិញក្រោយពេលដែលខ្សែភាពយន្តនេះបានថតចប់ ហើយកាលពីពេលថ្មីៗនេះក៏មានដំណឹងថាអ្នកទាំង ២ មានគំរោងរៀបការក្នុងពេលឆាប់ៗផងដែរ។ ខ្សែភាពយន្តរឿង The Twilight Saga: BreakingDawn Part 2 នឹងមានចាក់បញ្ចាំងជាសាធារណៈចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកានេះតទៅ នៅរោងភាពយន្តLegend ផ្សារទំនើប CityMall ជាន់ទី ៣៕
ដោយ៖ ម៉ូកា