បិតាភាពយន្តហុងកុង លោក Jackie Chan ត្រូវបានគេផ្ដល់ជូននូវសញ្ញាបត្រចំនួន ២ ដែលផ្ដល់ដោយក្រុមការងារ Guinness World Records ក្នុងកម្មវិធីផ្សព្វផ្សាយខ្សែភាពយន្តទី ១០១ របស់លោកក្នុងទីក្រុងសៀងហៃ កាលពីប៉ុន្មានថ្ងៃមុននេះ។/ខ្សែភាពយន្តទី ១០១ របស់លោកមានចំណងជើងថា Chinese Zodiac ដែលខ្សែភាពយន្តនេះនឹងត្រូវបានចាក់បញ្ចាំងនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២។ លោក Jackie Chan បានថ្លែងក្នុងកម្មវិធីទទួលនូវសញ្ញាបត្រនេះផងដែរថាលោកបានរង់ចាំការទទួលបានសញ្ញាបត្រពី Guinness មកពេញមួយជីវិតរបស់លោក នេះគឺជាអ្វីដែលទទួលបានពីការខិតខំក្នុងអាជីពជាអ្នកសម្ដែងវាយកាប់ចាក់ បែបកំប្លែងដែលពោរពេញទៅដោយគ្រោះថ្នាក់។/ក្នុងអាជីពជាង ៥០ ឆ្នាំរបស់ Jackie Chan លោកបានថតខ្សែភាពយន្តទាំងក្នុងស្រុក និងជាមួយហូលីវូដ ចំនួន ១០១ រឿង ដែលសុទ្ធសឹងតែជាខ្សែភាពយន្តបែបវាយកាប់ចាក់ និងមានលាយឡំជាមួយនឹងឈុតឆាកបែបកំប្លែងផងដែរ។ រាល់ភាពយន្តរបស់លោកគឺមិនមានតួ Stun នោះទេគឺលោកសម្ដែងក្នុងឈុតវាយតប់ដោយផ្ទាល់តែម្ដង៕

ដោយ៖ ផានិត