ថ្ងៃនេះ Camnews សូមនាំអារម្មណ៍លោកអ្នកអោយមកស្គាល់នូវខ្សែភាពយន្តថ្មីមួយទៀតដែលទើបនឹងចេញផ្សាយកាលពីពេលថ្មីៗនេះ ជាខ្សែភាពយន្តគំនូរជីវចល 3D បែបកំប្លែងជក់ចិត្តរឿងParaNorman។
ខ្សែភាពយន្តនេះត្រូវបានដឹកនាំការផលិត និងនិពន្ធដោយផលិតករខ្សែភាពយន្ត Chris Butler រួមជាមួយនឹងសហការី Sam Fell ខ្សែភាពយន្តនេះត្រូវបានបញ្ចូលសម្លេងដោយតារាវ័យក្មេងដូចជាKodi Smit-McPhee, Tucker Albrizzi, Anna Kendrick, Casey Affleck និង Christopher Plasse ជាដើម តែអ្វីដែលគួរអោយសរសើរនោះគឺខ្សែភាពយន្តនេះត្រូវបានគេថតសកម្មភាពដោយប្រើប្រាស់ម៉ាស៊ីនថត Canon 5D Mark II dSLR ដើម្បីទាញយកសរសៃកាយវិការ មកធ្វើ 3D ដែលជាបច្ចេកវិទ្យាមួយក្នុងការធ្វើ Stop Motion ដែលជាប្រភេទគំនូរជីវចលរស់រវើកដែលមានភាពពិបាកក្នុងការផលិត។
ខ្សែភាពយន្តនេះនិយាយអំពីជីវិតក្មេងប្រុសម្នាក់ដែលអាចមើលឃើញនិងនិយាយទៅកាន់ព្រលឹងដែលស្លាប់ទៅបាន គេឈ្មោះ Norman Babcock ដែលមើលទៅដូចជាមិនសូវជាមានអ្នករាប់អានគេច្រើននោះទេ។ អ្វីដែលជាវិនាសកម្មនោះគឺទីក្រុងរបស់គេត្រូវបណ្ដាសាររបស់មេធ្មប់ ក្នុងរយៈពេល ១ ឆ្នាំម្ដងនឹងមានខ្មោចឆៅ Zombie ចេញមកក្រៅ ហើយមានតែ Norman ទេដែលអាចជួយសង្រ្គោះទីក្រុងរបស់គេបាន។ ក្នុងបេសកកម្មនេះ Norman និងបងស្រីរបស់គេរួមជាមួយមិត្តភ័ក្រប៉ុន្មាននាក់ទៀត ត្រូវផ្សងព្រេងជាមួយគ្រោះថា្នក់ជាច្រើន។
ខ្សែភាពយន្តនេះ លាយលំជាមួយនឹងសំណើច ក៏ដូចជាមានឈុតឆាករន្ធត់ខ្លះដែរ ទោះបីជាខ្សែភាពយន្តនេះមានរយៈពេលត្រឹមតែ ៩៣ នាទីក៏ដោយក៏វាគ្រប់គ្រាន់សម្រាប់សំណើចចុកពោះ។Camnews សូមធានាថាលោកអ្នកមុខជាមិនខកបំណងនឹងខ្សែភាពយន្តនេះនោះទេ។
ជាមួយគ្នានេះកាលពីរាត្រីថ្ងៃទី ២១ ខែសីហាម្សិលមិញនេះ មានការចាក់បញ្ចាំង Premiere ខ្សែភាពយន្តរឿង ParaNorman នៅរោងភាពយន្ត Legend ដោយទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តគ្រប់ស្រទាប់ គ្រប់វ័យ ជាពិសេសយើងសង្កេតឃើញមានយុវវ័យយើងតែងខ្លួនជាខ្មោចឆៅ Zombie ចួលរួមទៀតផង។
ខ្សែភាពយន្តគំនូរជីវចល 3D រឿង ParaNorman នេះនឹងមានចាក់បញ្ចាំងជាសារធារណៈចាប់ពីថ្ងៃទី ២៣ សីហា ២០១២ នេះតទៅនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕
ដោយ៖ ម៉ូកា