វិធីវះកាត់កែប្រអប់មាត់ឱ្យមានទ្រង់ទ្រាយដូចកំពុងញញឹម កំពុងតែក្លាយជាការពេញនិយមថ្មីបំផុតនៅកូរ៉េខាងត្បូង។

ក្នុងបណ្ដាប្រទេសនៅអាស៊ី កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកជាប្រទេសមួយដែល “ញៀន” នឹងការកែសម្ផស្សដោយការវះកាត់ ខ្លាំងជាងគេ។ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតដូចបារាំង កូរ៉េខាងត្បូង បានបង្កើត និងនិយមវិធីវះកាត់កែសម្ផស្សជាច្រើនបែប ច្រើនយ៉ាង ហើយទាំងនេះ ក៏បានរាលដាលដល់បណ្ដាប្រទេសនៅក្បែរខាងផងដែរ។

/រូបថតរបស់នារីម្នាក់ដែលគេអះអាងថា បានកែចង្វែកមាត់ឱ្យមានទ្រង់ទ្រាយដូចការញញឹម គឺជាប្រភពដែលនាំឱ្យមានការពេញនិយម

ថ្មីៗនេះ វិធីកែសម្ផស្សបែបថ្មីមួយដែលបានក្លាយជាការពេញនិយមបំផុត នោះគឺការវះកាត់កែប្រអប់មាត់ឱ្យមានរូបរាងដូចធ្នូ ពោលគឺដូចកំពុងញញឹម។ ការកែសម្ផស្សបែបនេះ ត្រូវបានគេ ចាប់អារម្មណ៍ជាលើកដំបូងនៅពេលមានបង្ហោះរូបថតរបស់នារីម្នាក់ ភ្ជាប់ជាមួយនឹងការអះអាងថា នាងបានសាកល្បងការវះកាត់មួយដើម្បីធ្វើឱ្យប្រអប់មាត់មានរូបរាងដូចកំពុងសើច។ បើទោះជា មិនទាន់មានអ្នកអះអាងចំពោះការពិតរបស់រូបថតនេះ ប៉ុន្ដែមន្ទីរកែសម្ផស្សដែលមានឈ្មោះថា AONE បានទទួលស្គាល់ថា ខ្លួនមានផ្ដល់សេវាកម្មបែបនេះ។

ជារួម ការវះកាត់តាមបែបនេះនឹងជួយកែលំអមកវិញនូវសាច់ដុំមុខនៅសងខាងមាត់ ដោយការលើក ឬដាក់សាច់ដុំទាំងនោះ។ មានន័យថា  បន្ទាប់ពីធ្វើការវះកាត់រួច ផ្ទៃមុខរបស់អ្នក ពេលណា ក៏ពេញដោយស្នាមញញឹម  បើទោះជាអ្នកមិនសប្បាយចិត្ត  ឬមិនបានញញឹមក៏ដោយ។

/

មន្ទីរកែសម្ផស្ស AONE បានបកស្រាយចំពោះការវះកាត់បែបនេះថា មនុស្សមួយចំនួន មានសាច់ដុំនៅជុំវិញមាត់មានកម្លាំងខ្សោយ និងសាច់ដុំជុំវិញថ្គាមមានភាពរឹងមាំ (ជាងសាច់ដុំនៅជុំវិញមាត់) ដូច្នេះធ្វើឱ្យទ្រង់ទ្រាយនៃការសើច មិនមានភាពស្រស់ស្អាត។ ប៉ុន្ដែ ចំពោះប្រអប់មាត់របស់ជនជាតិអឺរ៉ុប គឺមានចង្វែកមាត់បែរទៅលើ ដូច្នេះមើលទៅគឺមានស្នាមញញឹមជាប់នៅនឹងប្រអប់មាត់ជានិច្ច។នៅពេលត្រូវបានសួរ អំពីចំណុចខ្សោយរបស់វិធីកែសម្ផស្សនេះ  គ្រូពេទ្យ  Taek Geun Kwon របស់មន្ទីរកែសម្ផស្ស AONW ឱ្យដឹងថា ៖ “វិធីសាស្ដ្រនេះត្រូវបានចាត់ទុកដូចជាការបង្វែរចង្វែកមាត់ឡើងទៅលើវិញ ដើម្បីបង្កើតប្រអប់មាត់រាងដងធ្នូ និងមានស្នាមញញឹមជាប់ជានិច្ចសូម្បីតែមិនបានញញឹម។ ថ្វីបើត្រូវបានអភិវឌ្ឍតាំងតែពីឆ្នាំ  ២០១២  ប៉ុន្ដែវិធីកែសម្ផស្សនេះ  មិនទាន់ត្រូវបានគេធ្វើឱ្យប្រាកដនិយមនៅឡើយ”។  ទន្ទឹមនឹងនេះ  ក៏មានការរិះគន់ថា  ស្នាមញញឹមសិប្បនិមិត្តនេះ មិនខុសអ្វីទៅនឹងមនុស្សចម្លែក Joker ដែលមានភាពក្លែងក្លាយ និងគួរឱ្យខ្លាច។

/

កូរ៉េខាងត្បូង ជាប្រទេសដែលមានអ្នកប្រើប្រាស់សេវាកម្មកែសម្ផស្ស ក្នុងលំដាប់ខ្ពស់បំផុតរបស់ពិភពលោក។ ដូច្នេះ គេមិនមានការភ្ញាក់ផ្អើលនោះទេ នៅពេលវិធីកែសម្ផស្សនានា ត្រូវបានបើកដំណើរការនៅទីនេះ។ ចំណែកការវះកាត់ប្រអប់មាត់ឱ្យមានរាងញញឹម ក៏មានស្ដ្រីជាច្រើន ប្រថុយ ដើម្បីទទួលបានភាពស្រស់ស្អាតតាមចិត្តចង់បានរបស់ខ្លួន៕

ដោយ ៖ តារាប្រភព ៖ Dailymail/K14