ដើមខែសីហានេះលោកអ្នកនឹងបានទស្សនាខ្សែភាពយន្តថ្មីៗជាច្រើនដែលនឹងមានដាក់បញ្ចាំងជាសាធារណៈ តែចង់ដឹងថាមានខ្សែភាពយន្តថ្មីណាខ្លះនោះ ថ្ងៃនេះ Camnews សូមណែនាំខ្សែភាពយន្តថ្មីមួយដែលនឹងមានចាក់បញ្ចាំងនាដើមខែកញ្ញានេះ។
ខ្សែភាពយន្តរឿង Ted គឺជាខ្សែភាពយន្តកំប្លែងបែបប្រឌិត ដែលដឹកនាំការសម្ដែង និងនិពន្ធសាច់រឿងដោយកំពូលអ្នកនិពន្ធភាពយន្តភាគកំប្លែង តាំងពីជំនាន់ឆ្នាំ ៩០ លោក Seth MacFarlane។គ្រប់គ្នាស្គាល់ថា Seth MacFarlane គឺជាអ្នកនិពន្ធខ្សែភាពយន្តភាគបែបកំប្លែង The Family Guy ដែលបានផ្សាយនៅលើប៉ុស្ត៍ទូរទស្សន៍ FOX របស់អាមេរិកតាងពីឆ្នាំ ១៩៩៩ មកម្លេះ។
ខ្សែភាពយន្តរឿង Ted ឬខ្លាឃ្មុំកំហូច ចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដូចជាលោក Mark Wahlberg នាង Mila Kunis និង Seth MacFarlane ផ្ទាល់ដែលគេសម្ដែងជាសម្លេងខ្លាឃ្មុំកំហូច Tedហើយខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តទី ២ ដែល Seth MacFarlance ចួលរួមសម្ដែង នឹងជាខ្សែភាពយន្តទី ១ ហើយដែលគេដឹកនាំការសម្ដែងដោយផ្ទាល់។
សាច់រឿងនៃខ្សែភាពយន្តនេះគឺនិយាយពីក្មេងប្រុសម្នាក់ដែលបានបន់ស្រន់អោយតុក្កតាខ្លាឃ្មុំរបស់គេអាចរស់រានមានជីវិត ដោយសារអំណាចនៃការបន់ស្រន់ចំពេលទេពច្យុតចុះនោះការបន់ស្រន់របស់ក្មេងប្រុសម្នាក់នោះបានក្លាយជាការពិត។ ប៉ុន្តែអ្វីដែលពិបាកនោះគឺ មនុស្សគ្រប់គ្នាគឺធំធាត់ទាំងរូបរាង និងចិត្តគំនិត វាជារឿងធម្មតា ប៉ុន្តែសម្រាប់ John Bennet និងខ្លាឃ្មុំ Ted គឺមិនធម្មតានោះទេ វាជាការលំបាកមួយសម្រាប់ពួកគេ ជាពិសេសនៅពេលដែល John ត្រូវការអោយTed រើចេញពីការរស់នៅជាមួយខ្លួនដែលជាមិត្តល្អបំផុតដើម្បី អោយខ្លួនបានរស់នៅសុខស្រួលជាមួយមិត្តស្រី។
វាជាខ្សែភាពយន្តមួយដែលមានលក្ខណៈកំប្លែង លាយជាមួយពាក្យសម្ដីអាសអាភាស និងឈុតឆាកមួយចំនួនដែលមិនសមរម្យសម្រាប់ក្មេងអាយុក្រោយម ១៧ ឆ្នាំដូចនេះហើយ លោកអ្នកជាមាតាបិតាមិនអាចនាំកូនក្រោមអាយុ ១៧ ឆ្នាំមកទស្សនាខ្សែភាពយន្តនេះបាននោះទេ។ ទោះបីជាវាជាខ្សែភាពយន្តលក្ខណៈ Rated R ក៏ពិតមែន ក៏ប៉ុន្តែ Camnews សូមធានាថាបើលោកអ្នកចំណាយប្រាក់ទិញសំបុត្រចួលទស្សនា ពិតជាមិនខកបំណងនោះទេ។ខ្សែភាពយន្តរឿង Ted ឬខ្លាឃ្មុំកំហូច នឹងមានចាក់បញ្ចាំងជាសាធារណៈចាប់ពីថ្ងៃទី ៦ ខែកញ្ញានេះតទៅនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕
ដោយ៖ ម៉ូកា