កុមារកម្ពុជា ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ នឹងបានស្គាល់ទីតាំងភូមិសាស្រ្តនេះយ៉ាងច្បាស់ គឺទឹកជ្រោះល្បាក់ខោន ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា។ ពួកគេដឹងថា នេះគឺជាតំបន់មួយ ដែលទន្លេមេគង្គហូរ ឆ្លងកាត់ចុះមកមានកំពស់ ២៦មចេញពីខ្ពង់រាប ជាប់ព្រំដែនប្រទេសកម្ពុជា និង សាធារណរដ្ឋឡាវ។ តែទោះបីជាយ៉ាងណា ក៏ដោយ ក៏មនុស្សភាគច្រើនប្រហែលជាមិនសូវបាន ទៅទស្សនានៅតំបន់នោះទេ។
នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ និង ល្បឿនកាន់តែខ្លាំងនោះ បានបង្កើត ឲ្យមានទស្សនីយភាព កាន់តែស្រស់ស្អាត គួរជាទីគយគន់ជា មួយផ្សែងអ័ព្វដែលបានផុសចេញពី ទឹកដែលកំពុងធ្លាក់។ ចំណែកឯ នៅក្នុងរដូវប្រាំងវិញ ទឹកក៏ចាប់ ផ្តើមចុះស្រក បាននាំឲ្យទីនេះលេចចេញ នូវទេសភាពល្អត្រកាល ប្រែ
ក្លាយជាវាល ដែលរំលេច ដោយថ្មពណ៌ក្រហម ខ្មៅ និងស។ តែភ្ញៀវទេសចរ ដែលបានទៅលេងនៅទីនោះ ក៏ត្រូវប្រយ័ត្ន នឹងដុំថ្មស្រួចៗ រដិបរដុប ដែលនៅទីនោះផងដែរ។ ចំណែកលោកកាំ ពួយបាននិយាយថាខាងពីមុនទីនេះពុំសូវមានភ្ញៀវទេសចរមកទស្សនាទេ ពីព្រោះការធ្វើដំណើរតាមទូកបានជូបការលំបាក ដោយត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ ដោយសារបុក នឹងរបាំងថ្មធំៗដែលនៅក្នុងទន្លេ។
ដូចគ្នានេះដែរ អ្នកស្រុករស់នៅតំបន់នេះបាននិយាយថា ភ្ញៀវទេសចរ មិនហ៊ានជិះទូកមកទី នេះទេ ព្រោះខ្លាចបុកនឹងរបាំងថ្ម និង ខ្លាចទឹក ដែលមានល្បឿនខ្លាំងនៅទីនេះកួចយកទៅ ហើយមានតែអ្នកដែលរស់នៅទីនេះដែលដឹងពីល្បឿនទឹក និងស្ថានភាពផ្លូវទឹកច្បាស់ ដែលអាចធ្វើ ដំណើរមកទីនេះបាន។
នៅពេលថ្មីៗ នេះ ក៏មានក្រុមទេសចរបានចាប់ផ្តើមធ្វើដំណើរមកកំសាន្តនៅរមណីដ្ឋាន ទឹកធ្លាក់ល្បាក់ខោននេះដែរហើយពួកគេមួយចំនួនជាភ្ញៀវទេសចរ ហើយបានស្លៀកសំលៀកបំពាក់ ការពារសុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរតាមទូកមកទស្សនានៅទីនោះ។
លោកកាំ ពួយ បាននិយាយបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ពួកគេហាក់ដូចជាពេញចិត្តនឹងការធ្វើដំណើរថ្មើជើងនៅជុំវិញបរិវេណទឹកធ្លាក់ជាងការធ្វើដំណើរដោយទូក។ពីព្រោះថា នៅ រដូវប្រាំង ទឹកចាប់ផ្តើមស្រក ហើយកំលាំង ទឹកខ្សោយ។ ចំណែកនៅរដូវ
វស្សាវិញ ទឹកមានទំហំធំ ទឹកកូចមានល្បឿនខ្លាំង និងហូរលឿន ដែលនាំឲទូកពិបាកឆ្លងកាត់។ ហើយគាត់បន្តទៀតថា នៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះប្រកបដោយសភាពគ្រោះថ្នាក់ជានិច្ច ។ អ៊ុំកាំ ពួយបានរស់នៅក្នុងភូមិ អន្លុងស្វាយ ឃុំ ព្រះរុំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ គាត់ បាននិយាយថា ទីនេះសម្បូរត្រីខ្លាំងណាស់ នៅពេលទឹកធ្លាក់។ ទឹកធ្លាក់ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់ ហើយស្ថិត នៅក្នុងឃុំ ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា៕
សូមទស្សនា រូបភាព ខាងក្រោម



ដោយ៖ វណ្ណៈប្រភព៖ tourismcambodia