(ភ្នំពេញ)៖ ក្នុងថ្ងៃដ៏ពិសេសសម្រាប់តារាចម្រៀង កំពុងមានទីផ្សារល្បីខ្លាំង កញ្ញា សុខ ពិសី ត្រូវបានអ្នកគាំទ្រ ធ្វើឲ្យភ្ញាក់ផ្អើល ដោយពួកគេបានរៀបចំជា បទចម្រៀងជូនពរយ៉ាងពិសេស មានលក្ខណៈប្លែកចម្លែកអារម្មណ៍ ពីតារាល្បីៗផ្សេងៗទៀត ដែលនេះបញ្ជាក់ថា អ្នកគាំទ្ររបស់នាង ចង់ឃើញតារាក្នុងដួងចិត្តរបស់ពួកគេ កាន់តែមានភាពទាក់ទាញ ពីសំណាក់ទស្សនិកជនទូទៅ។
ជាការពិតសម្រាប់តារាល្បីៗក្នុងប្រទេសកម្ពុជា តែងតែមានថ្ងៃពិសេសរបស់ពួកគេរៀងៗខ្លួន ជាមួយគ្នានេះ អ្នកគាំទ្រក៏បានជួបជុំគ្នា ក្នុងថ្ងៃពិសេសនោះ ដើម្បីជូនពរជូនជ័យ និងបង្ហាញពីការស្រឡាញ់ស្និទ្ធស្នាលគ្នា ជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមក ។ ចម្លែកអីតែតារាចម្រៀង បែបយុវវ័យ កញ្ញា សុខ ពិសី ត្រូវបានអ្នកគាំទ្រ ដែលតែងហៅនាង ថា «ម៉ាក់ៗ» ពេញៗមាត់នោះ រៀបចំជាបទចម្រៀងជូនពរដល់នាង ក្នុងថ្ងៃខួបកំណើត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ ។
បន្ទាប់ពីអ្នកគាំទ្រ ធ្វើឲ្យនាងភ្ញាក់ផ្អើលរួចមក សុខ ពិសី បានសម្ដែងក្ដីសប្បាយរីករាយឥតឧបមា និងគ្មានអ្វីក្រៅពីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រឡាញ់ គាំទ្រយ៉ាងស្មោះស្ម័គ្រ ពីសំណាក់អ្នកគាំទ្រ ដើម្បីឲ្យនាងមានកម្លាំងចិត្ត តស៊ូក្នុងមាគ៌ាសិល្បៈ ប្រកបដោយទំនុកចិត្ត លើផ្លូវដ៏វែងអន្លាយនេះ។
សុខ ពិសី និយាយថា « ច៎ា..!បង អ្នកគាំទ្រខ្ញុំ ចូលចិត្តធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល .. ជាក់ស្ដែងក្នុងឆ្នាំនេះ ពួកគេបានធ្វើជាបទចម្រៀងជូនពរខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់ តែខ្ញុំក៏សូមជូនពរដល់ពួកគេវិញដែរ ដែលតែងតែបង្ហាញក្ដីស្រឡាញ់ ដល់ខ្ញុំ ផ្ដល់កម្លាំងចិត្តដល់ គ្រប់កាលៈទេសៈទាំងអស់ មិនថាខ្ញុំនៅទីណាទេ ..!»។
សុខ ពិសី ក្នុងមួយរយៈពេលចុងក្រោយនេះ ត្រូវបានទស្សនិកជនមើលឃើញថា នាងកំពុងតែកោបក្ដាប់នូវប្រជាប្រិយ ភាពយ៉ាងណែនពេញដៃ ខណៈដែលការងារសិល្បៈ ជាពិសេសការចេញច្រៀង តាមរយៈការប្រគំតន្រ្តីតាមបណ្ដាខេត្តនានា កំពុងត្រូវប៉ាន់ខ្លាំង ។ ដោយឡែកបទចម្រៀងក្នុងផលិតកម្ម សាន់ដេ ក៏កំពុងតែទទួលបានការគាំទ្រ ជាហូរហែផងដែរ ៕
Posted by Sok Pisey on Monday, 21 December 2015


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី