ភ្នំពេញៈ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា មានស្ត្រីអ្នកមានអំណាចម្នាក់ បានចេញតាមវែកមុខនាងនោះ ត្រូវបានតារាចម្រៀងស្រី រូបស្រស់រាងតូចច្រឡឹង កញ្ញា សុខ ពិសី ក៏បានប្រញាប់ចេញមុខបកស្រាយ និងបដិសេធថារឿង ដែលគេលើកឡើងនោះ មិនមែនជាការពិតនោះទេ។
តារាចម្រៀងស្រីដែលមានភាពលេចធ្លោប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានប្រាប់ Looking TODAY តាមទូរស័ព្ទពីខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះ ថាចំពោះព័ត៌មានដែលគេចុះផ្សាយ ថានាងត្រូវបានស្ត្រីម្នាក់ ដែលមានអំណាចជិះរថយន្ត ទំនើបឡិចស៊ីស៥៧០ ព្យាយាមតាមរកមុខនាងនោះ គឺមិនមែនជាការពិតទេ ហើយនាងក៏មិន ដែលបានទៅបង្កើតទំនាក់ទំនង ជាមួយស្វាមីរបស់គេ ទេហើយនាងក៏គ្មានម្ចាស់ចិត្តដូចការ លើកឡើងទាំងអស់នោះដែរ។
តារាស្រីរូបនេះបានប្រាប់បន្ថែមទៀតថា ខ្ញុំមានអារម្មណ៍ថានឿយណាយ ចំពោះព័ត៌មានដែលលេចឮ គ្មានការពិតនេះណាស់ ហើយខ្ញុំក៏ចង់បញ្ជាក់ ម្តងទៀតថា ខ្ញុំមិនមានទំនាក់ទំនង លួចលាក់ជាមួយបុរសណាម្នាក់ទេ ជាពិសេសបុរសដែលមានប្រពន្ធកូនរួចហើយខ្ញុំក៏គ្មានប្រុសមានអំណាចណាចិញ្ចឹមឬក៏ជួយទំនុកបម្រុងខ្ញុំដែល ដាច់ខាតខ្ញុំមិនទាក់ទងជាមួយប្តីទេ ប្រសិនបើខ្ញុំសម្រេចចិត្តរកគូស្នេហ៍ ឬ ក៏ទាក់ទងបុរសណាម្នាក់ គឺបុរសនោះត្រូវតែនៅលីវ ហើយមួយទៀតព័ត៌មានដែលថា ខ្ញុំមានអង្គរក្សពិសេសតាមហែហម ដូចជំទាវអីនោះទេជាធម្មតា ខ្ញុំទៅណាមកណាមិនដែលធ្លាប់ មានប្រវត្តិមានអង្គរក្សដើរតាមនោះទេ”។
មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះបានប្រាប់ទៀតថា ចំណែកឯរឿងដែលនាង មិនសូវបង្ហាញខ្លួននៅតាម កញ្ចក់ទូរទស្សន៍នោះក៏មិនមែន ដោយសារតែនាងមានការភ័យខ្លាច មិនហ៊ានបង្ហាញខ្លួនអីនោះដែរ កន្លងមកនាងក៏ធ្លាប់បានឡើងច្រៀង នៅតាមកញ្ចក់ទូរទស្សន៍ជា ច្រើនដងមកហើយ មិនមែនមិនធ្លាប់នោះទេ ចំពោះមូលហេតុដែលនាងមិនសូវ បានបង្ហាញមុខញឹកញាប់ ដោយសារតែនាងរង់ចាំចេញបទ ចម្រៀងវ៉ុលថ្មីៗឲ្យបានច្រើន ព្រោះនាងមិន ចង់ឡើងច្រៀងតែបទដដែលៗ ខ្លាចទស្សនិកជនធុញទ្រាន់ ម្យ៉ាងវិញទៀតពេលនេះនាងក៏ មានការមមាញឹក ជាមួយការចេញច្រៀងតាមខនសឺតនៅបណ្តាលខេត្តច្រើន ជាក់ស្តែងពេលនេះនាង កំពុងតែស្ថិតនៅខេត្តបន្ទាយមានជ័យ។
នេះមិនមែនជាលើកទី១ទេ ដែលកញ្ញា សុខ ពិសី ទទួលរងព្យុះភ្លៀងនូវពាក្យចចាមអារ៉ាម បោកបក់មកលើនាងរហូតធ្វើឲ្យតារាស្រីរូបនេះ និយាយត្អូញត្អែរថាមួយរយៈពេលនេះនាង និងគ្រួសារមិនសូវសប្បាយចិត្តទេ ចំពោះរឿងអាស្រូវដែលលេចឮគ្មានការពិត ធ្វើឲ្យប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់នាងបែបនេះហើយពេលនេះប៉ារបស់នាង ស្ទើរតែមិនចង់ឲ្យនាង បន្តអាជីពមួយនេះទៀតទេ ដោយសារតែគាត់មិនអាចទទួលយកបាននូវការរិះគន់ ឬក៏ការវាយប្រហារមកលើនាង ទាំងដែលនាងមិនបានដឹងអី បន្តិចសោះនោះ វាគឺជារឿងអយុត្តិធម៌ណាស់សម្រាប់នាង៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល