ភ្នំពេញ៖ តារាស្រីមានទម្រង់ មុខកូនកាត់អឺរ៉ុប កញ្ញា ឌុច លីដា គឺជាតារាស្រីមួយដួង ដែលមានឈ្មោះបោះសំឡេងខ្លាំង តាមរយៈការសម្តែង ក្នុងរឿងភាគនានា និងឈុតខារ៉ាអូខេ ជាពិសេសថ្មីៗនេះ នាងកំពុងលេចធ្លោក្នុងរឿង «ស្បែកគង់» ដែលឈុតឆាក នៅក្នុងរឿងនោះ គឺនាងបានបង្ហាញភាពសិចស៊ី បញ្ចេញសាច់ គួរឲ្យក្នាញ់និង ទាក់ទាញក្រសែភ្នែក បុរសៗ រហូតដល់នាងជាប់ឈ្មោះ ជាតារាមួយដួង ដែលមានភាពសិចស៊ី ខ្លាំង ។ ទាក់ទងទៅនឹងការដាក់រហ័សនាម ឲ្យនាងជាតារាសិចស៊ីនោះ ត្រូវបានតារាស្រីរូបនេះ អះអាងបែបការពារ ខ្លួនថា នាងធ្វើខ្លួនសិចស៊ី បែបសិល្បៈ មិនមែនសិចស៊ី បែបអាសអាភាសនោះទេ ។

តារាសម្តែងស្រី វ័យក្មេងរូបស្អាត កញ្ញា ឌុច លីដា បានផ្តល់បទសម្ភាសន៍ ដល់ LookingTODAY កាលពីពេលកន្លងទៅថ្មីៗនេះ ដោយបានប្រាប់ឲ្យដឹងថា រឿងដែលនាង ទទួលថត គឺក្នុងរឿង តែងតែមានលាយឡំ ជាមួយភាពសិចស៊ីខ្លះៗតម្រូវទៅតាមការសម្តែង ហើយនាងក៏ទទួលស្គាល់ថា សម្រាប់រឿង «ស្បែកគង់» គឺបានធ្វើឲ្យនាងទទួល បានទាំងការគាំទ្រ និងការរិះគន់ ដោយការរិះគន់ភាគច្រើន នៅក្នុងរឿងនេះ គឺកើតចេញពីការសិចស៊ីតែម្តង។

នៅក្នុងនោះតារាស្រី ឌុច លីដា បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំគិតថា រាល់ការបង្ហាញ សាច់ស្លៀកពាក់សិចស៊ីនោះ គឺមិនមែនជាចេតនា ដែលខ្ញុំចង់យកវា (ភាពសិចស៊ី) មកទាក់ទាញ ការចាប់អារម្មណ៍ ឬធ្វើឲ្យកើនឡើង នូវសន្ទុះ នៃការគាំទ្រឡើយ ពោលរាល់ការបញ្ចេញ ភាពសិចស៊ី គឺខ្ញុំបញ្ចេញភាព សិចស៊ីបែបសិល្បៈ មិនមែនសិចស៊ីបែបអាសអាភាសទេ ។ មួយវិញទៀតការបញ្ចេញ សាច់លើសាច់ក្រោមនោះ នៅក្រៅប្រទេស គឺមានដូចៗគ្នា គ្រាន់តែមានច្រើន និងតិចតែប៉ុណ្ណោះ » ។

កញ្ញា ឌុច លីដា ក៏បានបកស្រាយបន្ថែមទៀតថា នៅក្នុងនោះ នាងក៏ឆ្លៀតឱកាសនេះ ចង់បកស្រាយទាក់ទងទៅ និងពាក្យចចាមអារ៉ាម ដែលធ្លាប់លើកឡើងថា នាងមានការបញ្ចេញអត្តចរិក ឆ្មើងឆ្មៃ ដាក់មហាជននោះ គឺនិយាយថា «ខ្ញុំសុំច្រានចោលទាំងស្រុង ព្រោះថា ខ្ញុំមិនដែលមានគំនិតគិតថា ចង់វាយឫកខ្ពស់ កប់ពពកបញ្ចេញ អត្តចរិកក្រអើតក្រទមឡើយ គ្រាន់តែថា មនុស្សគ្រប់គ្នា តែងតែមានអារម្មណ៍ សប្បាយរីករាយ និងមានបញ្ហាសម្រាប់ខ្លួនឯង ពេលខ្លះទៅខ្ញុំមិនសូវ សប្បាយចិត្ត ហើយពេលខ្លះទៅ ជួបទស្សនិកជន ខ្ញុំក៏មិនបានបង្ហាញ អារម្មណ៍ រីករាយគ្រប់ពេល ទើបធ្វើឲ្យ មានចន្លោះប្រហោង ហើយធ្វើឲ្យពួកគាត់គិតថា ខ្ញុំវាយឫកតែម្តង…» ៕

/

/

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល