កូរ៉េខាងត្បូង៖ ជាដំណឹងមួយដ៏ក្តៅគគុករវាង គូរស្នេហ៍តារាដ៏ល្បីប្រចាំប្រទេស កូរ៉េពីរដួង បានធ្វើឲ្យអ្នកគាំទ្រ សឹងតែមិនជឿក្រោយពេល គូស្វាមីភរិយាតារាកូរ៉េដ៏មានប្រជាប្រិយភាពមួយគូនេះ គឺ លោក Song Joong Ki និងអ្នកនាង Song Hye Kyo​(តួឯកស្រី ក្នុងរឿង​ បំណុលផ្ទះជំណាក់ស្នេហ៍) បានសម្រេចចិត្តលែងលះគ្នា។

/

យោងតាមព័ត៌មានក្រៅស្រុកបានឲ្យដឹងថា លោក Park Jae​ Hyun មេធាវីរបស់លោក Song Joong Ki បានចេញមកប្រកាសថា លោក Song Joong Ki បានដាក់ពាក្យបណ្តឹងសុំលែងលះតារាស្រី Song Hye Kyo ដែលជាភរិយា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ។ ប្រភពព័ត៌មានដដែល បានបន្ថែមទៀតថា លោកចង់លែងលះជាមួយភរិយាដោយសន្តិវិធី។

/

លោក Song Joong Ki បានសរសេររៀបរាប់ថា៖

«សួរស្តីខ្ញុំគឺ Song Joong Ki

ដំបូងខ្ញុំសូមអភ័យទោស ដែលយកព័ត៌មានមិនល្អបែបនេះ មកប្រាប់អ្នកទាំងអស់គ្នាដែលធ្លាប់ស្រលាញ់ និងខ្វល់ខ្វាយពីខ្ញុំកន្លងមក។ ពេលនេះខ្ញុំកំពុងត្រៀមលែងលះគ្នាជាមួយ Song Hye Kyo ហើយក៏សង្ឃឹមថាគ្រប់យ៉ាង នឹងដំណើរការទៅមុខដោយរលូន ដោយមិនមានជម្លោះពីភាគីទាំងសងខាង។ នេះជារឿងផ្ទាល់ខ្លួន ដូច្នេះវាពិបាកបង្ហាញទៅកាន់គ្រប់គ្នាខ្លាំងណាស់ តែចាប់ពីពេលនេះទៅ ខ្ញុំនឹងព្យាយាមឲ្យបានល្អបំផុត ក្នុងនាមជាតារាសម្តែង ដើម្បីតបស្នងអ្នកទាំងអស់គ្នា»។

/

 

បន្ទាប់មក ភ្លាមៗនោះ ភាគីខាងស្រី Song Hye Kyo បានចេញមកបកស្រាយពីមួលហេតុ ដែលធ្វើឲ្យចំណងស្នេហារបស់ពួកគេ ឈានដល់ផ្លូវបំបែក។ ដោយអ្នកតំណាងតារាស្រីរូបនេះ បានរៀបរាប់ថា៖

«ជារឿងមិនគួរសមនោះទេ ដែលយើងមកស្វាគមន៍អ្នកទាំងអស់គ្នាដោយរឿងមិនល្អបែបនេះ គឺតារាសម្តែងស្រី Song Hye Kyo និងតារាសម្តែងប្រុស Song Joong Ki កំពុងតែដំណើរការរឿងក្តីលែងលះគ្នា។

/

មូលហេតុដែលលែងលះគឺ ពួកគេមានភាពមិនចុះសម្រុងគ្នាច្រើន ហើយពួកគេទាំងពីរមិនអាចជំនះរាល់បញ្ហាទាំងនោះបាន ទើបពួកគេត្រូវសម្រេចចិត្តបែបនេះ។ ពួកយើងចង់ឲ្យអ្នកទាំងអស់គ្នាយោគយល់ និងគោរពទៅលើការពិត ដែលពួកយើងមិនអាចយក​មកនិយាយលម្អិតជាងនេះ ទាក់ទងទៅនឹងជីវិតឯកជនរបស់តារាសម្តែងទាំងពីររូបនេះបាន។ ក្រៅពីនេះពួកយើងចង់ឲ្យអ្នកទាំងអស់គ្នា ចៀសវាងរាល់ការផុសអ្វីដែលគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្លួន នាំឲ្យមានបញ្ហាផ្សេងៗ»។

/

ជាមួយគ្នានេះដែរ មានប្រភពព័ត៌មាន ក្រៅស្រុកមួយទៀតបានចេញមករាយការណ៍ថា Song Joong Ki និង Song Hye Kyo បានរើចេញពីផ្ទះដែលរស់នៅជាមួយគ្នា ក្រោយពេលរៀបការតាំងពីខែមុនមកម៉្លេះ។ នេះបង្ហាញឲ្យឃើញថា តាមពិតពួកគេមានបញ្ហាមិនចុះសម្រុងនឹងគ្នាជាយូរណាស់មកហើយ ទើបសម្រេចចិត្តលែងលះគ្នាបែបនេះ៕

/

/

អត្ថបទ៖ ចំរើន