ខែតុលានេះពិតជាពិសេស! ជាពិសេសគឺសម្រាប់អ្នកដែលមានគូស្នេហា ព្រោះខ្សែភាពយន្តមកថ្មីក្នុងខែតុលា នេះគឺផ្អែមល្ហែមតែម្ដងសម្រាប់គូសង្សារ ជាមួយនឹងរឿង Yes or No វគ្គទី ២។/ខ្សែភាពយន្តរឿង Yes or No វគ្គទី ២ នេះ ជាខ្សែភាពយន្តដែលបានថតបន្តសាច់រឿង Yes or Noដ៏ល្បីល្បាញរបស់ថៃដែលបានចេញផ្សាយកាលពីឆ្នាំទៅមិញ។ ហើយខ្សែភាពយន្តវគ្គទី ២ នេះផងដែរក៏ត្រូវបានដឹកនាំការសម្ដែងដោយអ្នកដឹកនាំរឿងពីមុនគឺលោក Sarasawadee Wongsompetch ក្រោមការផលិតរបស់ Come On Sweet Co., Ltd. ហើយចំពោះវគ្គទី ២ នេះតួរសម្ដែងឯកទាំង ២ គឺនៅរក្សាដដែលគឺត្រូវសម្ដែងដោយ Sushar Manaying និង Supanart Jittaleela។/សង្ខេបសាច់រឿងមកវិញប្រសិនបើលោកអ្នកមិនដែលបានទស្សនាខ្សែភាពយន្តរឿង Yes or Noវគ្គទី ១ នោះយើងខ្ញុំសូមប្រាប់ជាត្រួសៗចុះថា ក្នុងខ្សែភាពយន្តនេះ មាននារី ២ នាក់គឺ Kim និង Pie ដែល Kim គឺជា Tom Boy ហើយម្នាក់ទៀតគឺជា ស្រី ដែលពួកគេបានរៀនជាមួយគ្នាហើយ ស្នាក់នៅជាមួយគ្នាផងដែរ តែក្រោយពេលដែលមិត្តភាពរបស់ពួកគេទាំង ២ កាន់តែជ្រៅទៅៗ នោះវាបណ្ដាលអោយមិត្តភាពរបស់នារីទាំង ២ នោះក្លាយជាស្នេហាមួយទោះបីជាវាជាស្នេហាខុសធម្មជាតិក៏ដោយក៏ពួកគេនៅតែខិតខំពុះពារក្នុងការចិញ្ចឹមមនោសញ្ចេតនា និងស្នេហាត្រដររស់មួយនេះអោយបានរស់រានមានជីវិតរហូតដល់មានការបន្តមកដល់វគ្គទី២។/ក្នុងវគ្គទី ២ នៃខ្សែរឿង Yes or No នេះគឺនិយាយពីស្នេហាអ្នកទាំង ២ ដែលនៅតែបន្តរហូតដល់ថ្នាក់បញ្ចប់មហាវិទ្យាល័យ ប៉ុន្តែស្នេហារបស់អ្នកទាំង ២ ហាក់ដូចជាប្រេះស្រាំបន្តិចព្រោះតែមិននៅក្បែរកាយហើយដូចជាចង់ណាយចិត្ត។ សាច់រឿងដែលបណ្ដាលអោយមានបញ្ហាបែបនេះចំពោះស្នេហាអ្នកទាំង ២ គឺព្រោះតែ Kim គេបានផ្លាស់ទៅធ្វើការនៅចំការដំណាំលើភ្នំខណៈដែលនាង Pie ត្រូវផ្លាស់ទៅធ្វើការនៅសមុទ្ទ ការបែកឆ្ងាយពីគ្នានេះក៏នាំអោយ Kim បានជួបនារីម្នាក់ថ្នីគឺ Jam ដែលជាអ្នកធ្វើការជាមួយគ្នា។ ដោយសារតែការរស់នៅក្បែរគ្នារវាង Kim និងJamភាពលំបាកក្នុងការទាក់ទងគ្នារបស់ Kim និង Pie រួមជាមួយការទប់មនោសញ្ចេតនាមិនជាប់ទើបបណ្ដាលអោយ Kim ណាយចិត្តពី Pie ហើយលង់ស្រលាញ់ Jam សាច់រឿងរបស់អ្នកទាំង ២ ត្រូវបានក្លាយជាសាច់រឿងរបស់មនុស្ស ៣ នាក់ហើយវាជាពេលវេលាមួយដែល Kim ត្រូវពីចារណាសម្រេចចិត្តថាតើត្រូវបន្តស្នេហារបស់គេតាមផ្លូវណា។/ខ្សែភាពយន្តមនោសញ្ចេតនានេះក៏មានលាយឡំជាមួយឈុតឆាកកំប្លែងផងដែរ ហើយបន្ថែមពីលើសាច់រឿងស្នេហាជក់ចិត្តដិតអារម្មណ៍នោះ ខ្សែភាពយន្តនេះក៏ត្រូវបានថតនៅតំបន់ដែលមានទេសភាពស្រស់ត្រកាល់ត្រជាក់ភ្នែកឃើញហើយគួរអោយចង់ទៅលំហែរ ដែលបណ្ដាលអោយផ្ទាំងទស្សនីយភាពមានសម្លេងសើចក្អាកក្អាយ មិនគួរអោយធុញទ្រាន់។/ខ្សែភាពយន្តនេះត្រូវបានគេចាក់បញ្ចាំងជាលក្ខណៈ Premiere កាលពីយប់ថ្ងៃទី ៣ តុលាម្សិលមិញនេះនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣ ដែលទទួលបានការចួលរួមទស្សនាពីសំណាក់មនុស្សគ្រប់ស្រទាប់ មានទាំងគូស្នេហា និងក្រុមគ្រួសារ។ កុំអោយរំលងជាពិសេសសម្រាប់អ្នកដែលមានគូស្នេហ៍ព្រោះខ្សែភាពយន្តនេះមានចាក់បញ្ចាំងជាសាធារណៈហើយចាប់ពីថ្ងៃនេះតទៅ នៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ហើយថែមទាំងបញ្ចាំងជាខ្សែភាពយន្តបញ្ចូលសម្លេងខ្មែរទៀតផង៕

ដោយ៖ ម៉ូកា