ថ្ងៃទី ៣០ តុលាជាធម្មតាគឺជាការប្រារព្ធពិធីបុណ្យ Halloween នៅលោកខាងលិច ខណៈដែលនៅកម្ពុជាយើងក៏ឃើញមានការជួបជុំគ្នាសប្បាយផងដែរ ហើយពិធីបុណ្យនេះគឺសំដៅទៅលើខ្មោចព្រាយបីសាចដែលចេញមកលេងជាមួយមនុស្ស ដែលរដូវនៃបុណ្យនេះរាល់រោងភាពយន្តគេតែងតែសង្កេតឃើញមានខ្សែភាពយន្តរឿងខ្មោចរន្ធត់ជានិច្ច ហើយថ្ងៃនេះ Camnews ក៏មានខ្សែភាពយន្តរន្ធត់ ២ រឿងផងដែរ មកសង្ខេបជូនលោកអ្នក។/ខ្សែភាពយន្តទី ១ នោះអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮហើយគឺរឿង Paranormal Activity 4 គឺជាវគ្គទី ៤ នៃបណ្ដាសាចរឿង Paranormal Activity។ ខ្សែភាពយន្តនេះត្រូវបានដឹកនាំសម្ដែងដោយអ្នកដឹកនាំរឿង Henry Joost និង Ariel Schulman និពន្ធដោយ Christopher Landon និង Chad Feehan ដែលមានការចូលរួមសម្ដែងពីតារាប្រចាំរឿង Paranormal Activity ដែលនាងបានសម្ដែងជាតួក្នុងរឿងនេះតាំងពីវគ្គទឺ ១ មកម្ល៉េះគឺនាង Katie Featherston និងតារាថ្មីៗដូចជា Kathryn Newtonនិង Brady Allen/សាច់រឿងនៃវិញ្ញាណខ្មោចបីសាច ដែលដើរតាមមនុស្សនៅតែបន្តទោះបីជា Katie Featherston ប៉ូលីសបាញ់ស្លាប់ និងបានបាត់សាកសពក្នុងវគ្គទី ១ ក្ដីដែលករណីរបស់នាងត្រូវបានគេបំភ្លេចចោល។ ក្រោយមកវិញ្ញាណបីសាចដែល តាមជាប់ជាមួយមនុស្សនេះបានមកអុកឡុកដល់ក្រុមគ្រួសាររបស់ Alex ក្រោយពេលដែលក្រុមគ្រួសាររបស់នាងបានទទួល Robbie ដែលជាក្មេងជិតខាងអោយមកស្នាក់នៅជាមួយ ក្រោយពេលម្ដាយរបស់គេបានបាត់ខ្លួន។ រាល់កាម៉េរានៅក្នុងផ្ទះត្រូវបានក្លាយជាមុខសញ្ញានៃការចាប់ភស្តុតាងថាវិញ្ញាណបីសាច ពិតជាមាននៅក្នុងផ្ទះមួយនេះ។/ខ្សែភាពយន្តទី ២ គឺជាខ្សែភាពយន្តបែបផ្សងព្រេងរកការពិតដែលមានចំណងជើងថា Silent Hill:Revelation ដែលត្រូវបានបញ្ចាំងជាលក្ខណៈ 3D ដែលខ្សែភាពយន្តនេះត្រូវបានដឹកនាំការសម្ដែងដោយលោក Michael J. Bassett ដែលមកជំនួស Roger Avary អ្នកដឹកនាំរឿង Silent Hill ដែលបានជាប់ពន្ធនាគារអំឡុងពេលដែលត្រូវថត។/ខ្សែភាពយន្តនេះត្រូវបានចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា Adelaide ClemensKit HaringtonCarrie-Anne Moss និង Sean Bean/ខ្សែភាពយន្តនេះរៀបរាប់ពីដំណើរសាច់រឿងនៃក្មេងស្រីម្នាក់ដែលបានរត់គេចចេញពីស្រមោលវិញ្ញាណបីសាចអាថ៍កំបាំងដែលបានតាមរកពួកគេអស់ជាច្រើនឆ្នាំ តែក្នុងខួបកំណើយគំរប់ ១៨ ឆ្នាំរបស់កូនស្រីរូបនេះរឿងរ៉ាវបានក្លាយជាធ្ងន់ធ្ងរនៅពេលដែល ឪពុករបស់នាងត្រូវបានពួកបីសាចចាប់ខ្លួន ហើយការចាប់ខ្លួននេះគឺដើម្បីចង់អោយក្មេងស្រីជាកូនធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបីសចSilent Hill ដើម្បីទទួលបាននូវអ្វីដែលគេចង់បានពីកេ្មងស្រីម្នាក់នេះ។បណ្ដាខ្សែភាពយន្តទាំង ២ សុទ្ធសឹងតែជាខ្សែភាពយន្តភ័យរន្ធត់ដែលមានឈុតឆាកជក់ចិត្តធានាថាមិនខកបំណងសម្រាប់អ្នកដែលចង់ទស្សនារឿងបែបរន្ធត់។ ជាមួយគ្នានេះខ្សែភាពយន្តទាំង ២ នេះមានចាក់បញ្ចាំងជាសាធារណៈហើយនៅរោងភាពយន្ត លីជេន ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា