(កំពង់ចាម)៖ បន្ទាប់ពីមានព័ត៌មានល្បីសុសសាយថា តារាចម្រៀង ខេមរៈ ស្រីពៅ មានជំងឺធ្ងន់ធ្ងរ រហូតដល់ថ្នាក់ដេកនៅលើស្លឹកចេក រង់ចាំដំណាក់កាលចុងក្រោយនោះ ភ្នាក់ងារព័ត៌មាន Fresh News និងគេហទំព័រ កម្សាន្ត Khmertalking បានចុះមកដល់គេហដ្ឋានរបស់នាងផ្ទាល់តែម្តង ស្ថិតនៅក្នុងភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីបញ្ជាក់មន្ទិល​សង្ស័យដល់មហាជន​ដែលធ្លាប់តែគាំទ្រនាង​ ទូទាំងប្រទេសឲ្យដឹងការពិត ដែលបានជួបជាមួយនឹង ជីដូនម្តាយមីងបង្កើត និងបងប្អូនជីដូនបង្កើតរបស់នាង ។

ជាការពិតទោះបីជាថ្មីៗនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានចេញវីដេអូឃ្លីបបកស្រាយជុំវិញស្ថានភាពជំងឺរបស់ ខេមរៈ ស្រីពៅ ដើម្បីបំបាត់ពាក្យចចាមអារាម​ដែលកំពុងផុសផុលពេញផ្ទៃប្រទេសនេះក្តី ក៏មហាជនទូទៅនៅតែមានចម្ងល់ និងមន្ទិលសង្ស័យឥតដាច់ និងបារម្ភកាន់តែខ្លាំងចំពោះសុខភាពរបស់នាង ខណៈដែលនាងមិនបានចេញមុខបំភ្លឺផ្ទាល់ ដោយខ្លួនឯង ។

ជាក់ស្តែងថ្ងៃនេះភ្នាក់ងារសារព័ត៌មាន Fresh News និងគេហទំព័រ Khmertalking បានចុះមកដល់គេហដ្ឋានរបស់ តារាចម្រៀង ខេមរៈ ស្រីពៅ និងបានជួបជាមួយបងប្អូនដោយអ្នកទាំងអស់គ្នានោះ បានសំដែងការភ្ញាក់ផ្អើលចំពោះ ព័ត៌មានចចាមអារ៉ាមខាងលើ និងបានសំដែងក្តីអាណិតអាសូរចំពោះ ស្រីពៅ ថា មិនគួរណាមានព័ត៌មានបែបនេះលើខ្លួននាងឡើយ។

ម្តាយមីងបង្កើតរបស់ ខេមរៈ ស្រីពៅ គឺអ្នកស្រី ធុច ស្រីនាង បានប្រាប់ដោយផ្ទាល់ថា «ចាទេ! ស្រីពៅ អត់មានឈីអីទេ ខ្ញុំមានអារម្មណ៍ឆ្ងល់ថា ម៉េចក៏មានព័ត៌មានគេនិយាយបំផ្លើសចឹង? ប៉ុន្តែខ្ញុំគិតថា គេចង់និយាយអី ក៏និយាយទៅ ។ ស្រីពៅ ពិតជាឈឺមែន ខ្ញុំអត់ប្រកែកទេ វារលាកបំពង់ក ក្រពះ និងពោះវៀន អត់ស្រួល ណាមួយគ្នាមិនសូវហូបបាយ ផងអូន បើខែនេះរវល់អីចឹងទៀត គឺអត់សូវញាំបាយតែម្តង» ។

ទោះជាយ៉ាងណា ម្តាយមីងរូបនេះបានអះអាងថា ខេមរៈ ស្រីពៅ មិនបាននៅផ្ទះនោះទេ ទោះជាមានរឿងផ្ទុះឡើងលើ រូបនាងក្តី ពោលគឺនាងកំពុងរស់នៅភ្នំពេញ និងចេញចូលទៅកាន់ប្រទេសថៃញឹកញាប់ ដើម្បីព្យាបាលជំងឺរលាកក្រពះ ពោះវៀន និងបំពង់ក ។ សាច់ញាតិខាងលើបានបញ្ជាក់ទៀតថា ស្ថានភាពជំងឺរលាកក្រពះ ពោះវៀន និងបំពង់ករបស់ ខេមរៈ ស្រីពៅ បានធូរស្រាលច្រើនជាងមុនហើយ និងសូមបដិសេធទាំងស្រុងចំពោះព័ត៌មានថា នាងឈឺធ្ងន់ ហើយអ្នកជិតខាងដែលទម្លាយព័ត៌មាននេះគឺដោយសារភាពច្រណែន។

ទោះបីជាយ៉ាងណា ព័ត៌មាននេះ គឺជាការអះអាងផ្ទាល់របស់សាច់ញាតិនាងនៅឯស្រុកកំណើតតែប៉ុណ្ណោះ ដោយឡែក ទស្សនិកជនដែលធ្លាប់គាំទ្រនាងគ្រប់​ មជ្ឈដ្ឋានទាំងអស់នៅតែទទូចចង់ឲ្យនាងចេញមុខបកស្រាយដោយផ្ទាល់ ដើម្បី បង្ហាញការពិតឲ្យសាធារណជនទូទៅដឹងថា «នាងពុំមានជំងឺប្រាកដមែន»៕

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី