ក្នុងសប្ដាហ៍នេះយើងខ្ញុំចង់ណែនាំខ្សែភាពយន្តមួយថ្មីជូនលោកអ្នកបានស្គាល់ដែលខ្សែភាពយន្តនេះមានចំណងជើងថា Total Recall។ ខ្សែភាពយន្ត Total Recall ត្រូវបាននិពន្ធបន្ថែមសាច់រឿងឡើងវិញពីខ្សែភាពយន្តរឿង Total Recall ដែលចាក់បញ្ចាំងក្នុងឆ្នាំ ១៩៩០ ដែលសម្ដែងដោយតារាភាពយន្តល្បី Arnold Schwarzenegger ហើយខ្សែភាពយន្ត Total Recall ថ្មីដែលចាក់បញ្ចាំងក្នុងឆ្នាំ២០១២ នេះត្រូវបានរក្សាឈ្មោះតួអង្គ និងបរិបទនៃសាច់រឿងនៅដដែលដូចខ្សែភាពយន្តកាលពីឆ្នាំ ១៩៩០ ប៉ុន្តែត្រូវបាននិពន្ធសាច់រឿងសារជាថ្មីដែលនាំអោយខ្សែភាពយន្តនេះ ក្លាយជាខ្សែភាពយន្តបាញ់ប្រហារយ៉ាងជក់ចិត្ត។
ខ្សែភាពយន្តនេះនិពន្ធដោយ Kurt Wimmer និងដឹកនាំសម្ដែងដោយលោក Len Wiseman មានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗដូចជា Colin Farrell, Kate Beckinsale, Jessica Biel និង Bryan Cranston ជាដើមរួមទាំងតារាល្បីៗជាច្រើនរូបទៀត។
ក្នុងខ្សែភាពយន្តនេះ Colin Farrell បានដើរតួរជា Douglas Quaid ដែលជាបុគ្គលិកក្នុងរោងចក្រផលិតមនុស្សយន្តមួយ ប៉ុន្តែគាត់បានរកឃើញនូវអាថ៍កំបាំងពីខ្លួនគាត់ដែលត្រូវបានគេលាងខួរក្បាលនិងការចងចាំ នៅពេលដែលគាត់បានទៅរកសេវាកម្ម Rekall ជាសេវាកម្មសើរើការចងចាំពីមុនមកវិញ។ តែដោយសារភាពស្រពិចស្រពិល និងមិនច្បាស់ការ គាត់ត្រូវស្វែងរកអោយឃើញថាតើគាត់ជានរណាអោយពិតប្រាកដ ដែលការស្វែងរកនេះបាននាំអោយ Douglas Quaid ត្រូវផ្សងជាមួយនឹងគ្រោះថ្នាក់ បាញ់ប្រហារ គ្រប់បែបយ៉ាង។
ខ្សែភាពយន្តនេះបានទទួលប្រជាប្រិយភាពជាខ្លាំងក្រោយពេលបានចាក់បញ្ចាំងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ០២ សីហាមកនេះដោយគេសង្ឃឹមថាអាចនឹងរកចំណូលបានប្រមាណជាង ១៣៨លានដុល្លាអាមេរិកទូទាំងពិភពលោក ហើយខ្សែភាពយន្តនេះផងដែរនឹងមានចាក់បញ្ចាំងនាថ្ងៃទី០៩ សីហានេះនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣ ជាមួយគ្នានឹងរោងភាពយន្តPlatinum Cineplex ផ្សារទំនើបសូរីយាជាន់ទី ៥៕

ដោយ៖ ម៉ូកា