ភ្នំពេញ៖ ក្រោយពីចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានផ្ទុះជម្លោះ ជាមួយតារាសម្ដែង និងជាពិធីករ សម្បូរវោហារស័ព្ទ លោក ប៉ែន ចំរ៉ុង រហូតដល់ប្រើហិង្សារួចមក គេសង្កេតឃើញថា ភាពចម្រូងចម្រាសនេះ ហាក់កាន់តែរីករាលដាលធំទៅៗ រហូតដល់ដាក់ពាក្យប្តឹង ទៅតុលាការថែមទៀតផង ។ ជាក់ស្តែងនៅថ្ងៃនេះ លោក ចំរ៉ុង បានចូលទៅបំភ្លឺ នៅតុលាការ តាមការកោះហៅ កាលពីពេលកន្លងទៅ ។បើតាមសេចក្តីរាយការណ៍ បានប្រាប់ LookingTODAY ឱ្យដឹងថា កាលពីព្រឹកមិញនេះ ពិធីករល្បីឈ្មោះរូបសង្ហា លោក ប៉ែន ចំរ៉ុង បានមកសាលាដំបូង រាជធានីភ្នំពេញ ក្នុងបំណងចូលបំភ្លឺ ទៅតាមការកោះហៅរបស់ ព្រះរាជអាជ្ញារងសាលាដំបូង លោក ប៊ុត វង្សវិសុទ្ធ ពាក់ព័ន្ធលើបណ្តឹងរបស់ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ក្នុងរឿងបាត់កូនស្រី ពីផ្ទះ ហើយបានចោទថា ចំរ៉ុង មានជាពាក់ព័ន្ធក្នុងរឿងនេះ ។

បើទោះជាពេលនេះ ភាគីទាំងពីរនាក់ បានចូលខ្លួនទៅតុលាការ ដើម្បីបំភ្លឺនៅចំពោះមុខ ព្រះរាជអាជ្ញារង ហើយក៏ដោយ តែភាគីទាំងពីរគឺ លោក ប៉ែន ចំរ៉ុង និងលោក អ៊ិន សុភិន មិនមានអ្នកណាចេញមុខ បកស្រាយប្រាប់អ្នកសារព័ត៌មានទេ ។ ដោយគេហទំព័រ LookingTODAY បានទាក់ទងទៅ លោក ប៉ែន រស់ តែគ្មានអ្នកទទួលទូរស័ព្ទទេ ហើយចំណែក លោក អ៊ិន សុភិន បានប្រាប់យ៉ាងខ្លីថា លោកជាប់រវល់មិនអាចផ្តល់បទសម្ភាសន៍បានទេ ។

សូមជម្រាបផងដែរថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា កន្លងទៅនេះ ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានទៅដាក់ពាក្យបណ្តឹងប្តឹង ទៅតុលាការ ក្រោយពីកូនស្រីបណ្តូលចិត្ត បានបាត់ចេញពីផ្ទះ ដោយនៅក្នុងនោះ លោកបានដាក់ការសង្ស័យ និងប្តឹង លោក ប៉ែន ចំរ៉ុងថា មានអ្នកនៅពីក្រោយខ្នង នៃការបាត់ខ្លួនកូនស្រី ។ ក្រោយពី លោក អ៊ិន សុភិន ដែលជាឪពុករបស់ កញ្ញា ភិន សុដាលីស បានដាក់ពាក្យបណ្តឹងទៅតុលាការ ភ្លាមៗនោះ ដាលីស ក៏បានប្រញាប់ប្រញាល់ ចេញមុខពីអះអាងថា នាងមិនបានរត់ចេញពីផ្ទះទេ ហើយការដែលនាងបាត់ពីផ្ទះនេះ មិនជាប់ពាក់ព័ន្ធជាមួយ លោក ប៉ែន ចំរ៉ុង ឡើយ ៕

/

/

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល